ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំសិក្សា ២០២១-២០២២

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀងបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំសិក្សា ២០២១-២០២២ 

នាព្រឹថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធានការិយាល័យអប់រំក្រុង ស្រុក នាយក នាយិកាជាច្រើននាក់ផងដែរ។

លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង  បានធ្វើការកោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនអស់រយៈពេលមួយឆ្នាំសិក្សាកន្លងមក ទៅតាមតួនាទីនិងមុខងាររៀងៗខ្លួនទទួលបានជោគជ័យ។

លោកបន្តថា ដោយនៅរយៈពេល២ឆ្នាំ នៅសកលលោកក៏ដូចជាប្រទេសកម្ពុជាបានជួបនិងវិបត្តកូវីដ-១៩ ដែលបានរីករាលដាល បង្កការរាំងស្ទះដល់ការសិក្សារៀនសូត្រដល់សិស្សានុសិស្ស នៅក្នុងសាលារៀនទូទាំងខេត្តស្វាយរៀង ។

ជាការឆ្លើយតបនិងផលប៉ះពាល់នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្ត សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក នាយក លោកគ្រូ និងអាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ បានខិតខំប្រឹងប្រែង រៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗដូចជាការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក(Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចការដល់សិស្សានុសិស្ស និងការជួបផ្ទាល់ របស់លោកគ្រូអ្នកគ្រូទាំងអស់ទូទាំងខេត្ត។

លោកបន្តថា តាមរយៈរបាយការណ៍របស់លោកស្រីអនុប្រធានមន្ទីរ សរបញ្ជាក់ឲ្យឃើញថា វិស័យអប់រំមានដំណាក់កាលវិវត្តន៍ គួរឲ្យកត់សម្គាល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈរូបវ័ន្តនានា រួមទាំងគុណភាពអប់រំ តាមរយៈការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ។

លោក ខៀវ សំអុល ក៏បានណែនាំដល់លោកលោកស្រីដែលជាបុគ្គលិកអប់រំទាំងអស់នៅទូទាំងខេត្តស្វាយរៀង ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀន ឲ្យមានវិន័យល្អពិសេសលើគ្រូបង្រៀនតែម្តងហើយក្នុងពិធីបើកសន្និបាតបូកសរុបនាពេលនេះ គឺជាការប្រមូលផ្តុំគ្រប់ជំនាញគ្រប់ផ្នែក ដើម្បីរួមចំណែកក្នុងការផ្តល់យោបល់ និងពិភាក្សា ដើម្បីរកឱ្យឃើញក្នុងការអភិវឌ្ឍន៍វិស័យអប់រំយុវជន និងកីឡាខេត្តស្វាយរៀង ឱ្យមានការរីកចម្រើនផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖