ព័ត៌មានទាន់ហេតុការណ៍៖

លោកឯកអគ្គរដ្ឋទូតចិនអញ្ជើញជួបជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច និងបានចុះសួរសុខទុក្ខគ្រូបង្រៀនភាសាចិននៃវិទ្យាស្ថានខុងជឺ

ចែករំលែក៖

ស្ថានទូតចិន ៖ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា,  នាព្រឹកថ្ងៃទី១៥ខែមិថុនា តបតាមការអញ្ជើញ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបសំណេះសំណាលជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងព្រមទាំងបានសួរសុខទុក្ខគ្រូបង្រៀនភាសាចិននៃវិទ្យាស្ថានខុងជឺផងដែរ។

លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាមានអាយុកាលយូរអង្វែង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថា្នក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្ត។ ត្បិតតែជំងឺកូវីដ១៩បាននាំមកនូវផលប៉ះពាល់មួយចំនួនដល់ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនទាំងពីរប្រទេសក៏ដោយ ប៉ុន្តែតាមរយៈការទប់ស្កាត់ជំងឺវីរុសប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនទាំងពីរបាននឹងវិលទៅរកភាពប្រក្រតីវិញជាបណ្តើរៗ។ រាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមជាកម្លាំងក្នុងការជួយជំរុញមិត្តភាពប្រទេសទាំងពីរ យើងខ្ញុំសូមធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលទាំងនេះ។ ភាគីចិនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចការរាជបណ្ឌិត្យសភាកម្ពុជា ហើយសង្ឃឹមថារាជបណ្ឌិត្យសភាកម្ពុជានឹងបន្តគាំទ្រការអភិវឌ្ឍន៍នៃវិទ្យាស្ថានខុងជឺក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកឯកអគ្គរដ្ឋទូតចិន និងបានបង្ហាញត្រួសៗអំពីស្ថានភាពរាជបណ្ឌិត្យសភាកម្ពុជានិងស្ថានភាពទំនាក់ទំនងប៉ុន្មានឆ្នាំនេះរវាងរាជបណ្ឌិត្យសភាកម្ពុជានិងបណ្ឌិត្យសភាចិន និងព្រមទាំងបានសង្កត់ធ្ងន់ថា រាជបណ្ឌិត្យសភាកម្ពុជានឹងយកចិត្តទុកដាក់ខ្លាំងជាមួយកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បានបង្កើតវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិននាពេលអនាគត ដើម្បីរួមចំណែកថ្មីៗក្នុងការជំរុញទំនាក់ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរ។

ក្រោយពីបញ្ចប់កិច្ចជំនួបខាងលើ លោកឯកអគ្គរដ្ឋទូតចិនបានអញ្ជើញធ្វើដំណើរទៅកាន់វិទ្យាស្ថានខុងជឺ លោកបានស្តាប់របាយការណ៍ការងារដែលបង្ហាញដោយលោកស្រី Gan Min នាយិកាភាគីចិន និងលោក តាំង ម៉េងឆុង នាយកភាគីកម្ពុជានៃវិទ្យាស្ថានខុងជឺ។ លោកក៏បានសួរសុខទុក្ខលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានខុងជឺផងដែរ។ លោកបានវាយតម្លៃការងាររបស់វិទ្យាស្ថានខុងជឺនិងការខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គរបស់លោកគ្រូអ្នកគ្រូដែលបានជួបក្នុងបរិបទកូវីដ១៩ទាំងជីវភាពរស់នៅនិងការងារ ពួកគាត់បានព្យាយាមរិះរកមធ្យោបាយដើម្បីបង្រៀនភាសាចិន និងបានបញ្ចប់ភារកិច្ចបង្រៀនរបស់ពួកគាត់ដោយជោគជ័យនិងប្រកបដោយគុណភាពខ្ពស់។

លោកឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា លោកគ្រូអ្នកគ្រូបានខិតខំលើកកម្ពស់ការអប់រំភាសាចិននៅក្រៅប្រទេស បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការចំណងមិត្តភាពចិន-កម្ពុជា បានរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ។ លោកក៏បានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោកគ្រូអ្នកគ្រូអំពីការងារនិងជីវភាពរស់នៅដែលជាការយកចិត្តទុកដាក់រួមរបស់ពួកគាត់។

រាជបណ្ឌិត្យសភាកម្ពុជាជាស្ថាប័នមួយក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកលើការគ្រប់គ្រងនិងការណែនាំកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រនិងវប្បធម៌ជាតិ ក្នុងនោះបែងចែកជាវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ, វិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម, វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា, វិទ្យាស្ថានសិក្សាចិន, វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ជាដើម។

លោក Lin Ruihua ទីប្រឹក្សាវប្បធម៌នៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងកិច្ចជំនួបខាងលើ៕

ដោយ ៖ សិលា


ចែករំលែក៖