ខេត្តក្រចេះ ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ» ដឹកនាំដោយក្រសួងបរិស្ថាន នឹងប្រារព្ធនៅទីរួមខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តក្រចេះ មន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត អង្គការអភិរក្សនានានិងប្រជាពលរដ្ឋ។
ក្រសួងបរិស្ថាន បានបន្ថែមថា ខេត្តក្រចេះគឺជាខេត្តទី៣ ដែលក្រសួងបរិស្ថាននិងអង្គការដៃគូបានរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់បង្កឡើងដោយអន្ទាក់ និងការខិតខំប្រឹង ប្រែងរកដំណោះស្រាយ ដើម្បីទប់ស្កាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងផ្តល់ទីជម្រកសុវត្ថិភាពដល់សត្វព្រៃ និងមនុស្ស។
ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំធ្វើសន្និសីទសារព័ត៌មានដោយមានការចូលរួមពីតំណាងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS អង្គការ WWF អង្គការ WEA អង្គការអភិរក្សអន្តរជាតិ CI អង្គការ RECOFTC និងអង្គការជីវិតធម្មជាតិកម្ពុជា Nature Life ដោយបានបង្ហាញពីជំហានវិជ្ជមាននៃយុទ្ធនាការអន្ទាក់សូន្យនាពេលកន្លងមកដោយទទួលបានការគាំទ្រខ្ពស់ពីគ្រប់មជ្ឈដ្ឋាន និងការតាំងចិត្តខ្ពស់របស់ភាគីពាក់ព័ន្ធក្នុងការធ្វើឱ្យយុទ្ធនាការអន្ទាក់សូន្យនេះទទួលបានជោគជ័យ អន្ទាក់ត្រូវបានកាត់បន្ថយនៅក្នុងតំបន់ការពារធម្មជាតិ៕
ដោយ៖សហការី