ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន រុស្ស៊ីបាញ់មីស៊ីលចំឃ្លាំងស្តុកប្រេងឆេះសន្ធោសន្ធៅ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២នេះបានផ្សាយថា ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃទី១៩ខែមិថុនា បានឱ្យដឹងថា ដេប៉ូស្ដុកទុកប្រេងមួយកន្លែងនៅក្នុងទីក្រុង Novomoskovsk នៃភាគខាងកើតប្រទេសបានផ្ទុះឆេះ ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតរងរបួស បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរុស្ស៉ីចំនួន៣គ្រាប់។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តព្យាយាមពន្លត់ភ្លើងដែលឆាបឆេះដោយសារតែការវាយប្រហារដោយមីស៊ីលខាងលើពីសំណាក់ទាហានរុស្ស៉ី ដែលកំពុងបង្កើនការវាយលុកលើតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។
ការវាយប្រយុទ្ធគ្នារវាងរុស្ស៉ី នឹងអ៊ុយក្រែននៅក្នុងតំបន់ដុនបាស់ បានឈានដល់ដំណាក់កាលដ៏សំខាន់ នៅឯទីក្រុងស៊ីវីយេរ៉ូដូណេត ដែលលោក ហ្សេលេនស្គី ចាត់ទុកថាជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ អាចកំណត់អ្នកឈ្នះអ្នកចាញ់ក្នុងសង្រ្គាមនៅភាគខាងកើតប្រទេស។ រុស្ស៉ីត្រូវបានគេរាយការណ៍ថាកំពុងវាយរុលទៅមុខដោយសន្សឹមៗ រីឯអ៊ុយក្រែនកំពុងទទូចឱ្យបណ្ដាប្រទេសខាងលិចបញ្ជូនអាវុធបន្ថែមមកឱ្យទីក្រុងកៀវ ជាបន្ទាន់៕

ដោយ៖ ធីរីណា(រូបថត៖Reuters )


ចែករំលែក៖