ចិនបានបង្កើនការស្រាវជ្រាវ ផលិតមីស៊ីលគ្រប់ប្រភេទតាំងពីមីស៊ីលអាចកម្ទេចផ្តាយរណបនៅលើលំហអាកាស រហូតដល់មីស៊ីលអន្តរទ្វីបល្បឿនលឿនអាចបំពាក់ក្បាលគ្រាប់បរមាណូ ។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ បានដកស្រង់ការប្រកាសរបសក្រសួងការពារជាតិចិនដែលបានបញ្ជាក់ថា ចិនបានធ្វើតេស្ដដោយជោគជ័យនូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោងដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធាចិនដ៏មានមហិច្ឆតារបស់ លោកប្រធានាធិបតី ស៊ី ជីនពីង។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះក្រសួងការពារជាតិចិនបានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធស្ទាក់ចាប់ប្រឆាំងមីស៊ីលផ្លោងត្រូវបានធ្វើតេស្ដនៅយប់នេះ (ថ្ងៃអាទិត្យ) ហើយការធ្វើតេស្ដនេះបានសម្រេចតាមគោលដៅរំពឹងទុក។ ប៉ុន្តែ ធ្វើតេស្ដនេះគឺជាមធ្យោបាយការពារខ្លួនសុទ្ធសាធ មិនមានចេតនាសំដៅលើប្រទេសណាមួយនោះទេ»។
ចិនក៏ធ្លាប់បានធ្វើតេស្ដប្រព័ន្ធស្ទាក់ចាប់មីស៊ីលពីមុនមកដែរ កាលពីឆ្នាំ២០១៨ និង២០២១ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ទីក្រុងប៉េកាំងបានចាប់ផ្ដើមធ្វើតេស្ដប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ចាប់តាំងពីឆ្នាំ២០១០មក៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnam+