ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងត្រូវដួលរលំនុងរបើកដំបូល-ជញ្ជាំងដោយសារតែមានភ្លៀងនិងខ្យល់កន្ត្រាក់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ ស្ថិតក្នុងឃុំស្វាយជ្រំ ឃុំធ្លកនិងឃុំក្រោលគោ ស្រុកស្វាយជ្រំ។
យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងថាកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចមានភ្លៀង១មេធំនិងខ្យល់កន្ត្រាក់បានបក់បោកបណ្តាលឱ្យរលំ របើកដំបូលនិងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋចំនួន៧ខ្នងក្នុងនោះមាន ទី១-ផ្ទះរបស់ឈ្មោះខៀវ នីន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្វាយជ្រំឃុំស្វាយជ្រំ ដោយរលំទាំងស្រុង ដែលផ្ទះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ។ ផ្ទះនេះលើកត្រឹមចង្កេះ ដំបូលស័ង្កសី ជញ្ជាំងស្លឹក មិនមានមនុស្សរងរបួសឬខូចខាតអ្វីទៀតនោះទេ។ ទី២-ផ្ទះឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹងវែង រលំទាំងស្រុង។ ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើពីឈើ
ដំបូលប្រក់សង្ក័សី ជញ្ជាំងស័ង្កសី កម្ពស់៣ម៉ែត្រ។ សម្ភារខូចខាតរួមមានម៉ូតូសង់កូរ៉េ១គ្រឿង, ម៉ូតូម៉ាកធួដេ១គ្រឿង, កង់៣គ្រឿង និងរោងគោមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ១ខ្នង ។ ទី៣-ផ្ទះរបស់ឈ្មោះផាន់ ផិន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិបឹងវែង ផ្ទះតៀមដំបូលប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ត្រូវរបើកអស់ទាំងស្រុង។
ទី៤-ផ្ទះរបស់ឈ្មោះស៊ុំ ត្រា ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិបឹងវែង ផ្ទះតៀម ត្រូវបានរបើកដំបូល តែពុំមានខូចខាតអ្វីទៀតទេ។ ទី៥-ផ្ទះឈ្មោះ ពេជ្រ ធី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិធ្លក ឃុំធ្លក
របើកក្បឿងអស់៥០សន្លឹក ផ្ទះធ្វើអំពីឈើ ប្រក់ក្បឿង ទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ។
ទី៦-ផ្ទះឈ្មោះ សូ ឡូន ភេទប្រុសអាយុ៦៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ផ្ទះធ្វើអំពីឈើ ទទឹង ៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ ប៉ើងដំបូលស័ង្កសីអស់ចំនួន៣០សន្លឹក
និងទី៧ផ្ទះរបស់ឈ្មោះ ហាន ហេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រៃធ្នង់ ឃុំក្រោលគោ ផ្ទះតៀមឈើ ទំហំ៤ម៉ែត្រគុណនឹង៧ម៉ែត្រ ប្រក់ស័ង្កសី ខ្យល់ប៉ើងអស់ទាំងស្រុង។
អាជ្ញាធរមូលដ្ឋានស្រុកស្វាយជ្រំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាលរកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖យឹម សុថាន