ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដែលមានភ្ញៀវទេសចរចេញដើរទស្សនាទូទាំងប្រទេសសរុប៣៦៤,៦៣៦នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៥,១៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៤៩៣នាក់។
ក្រសួងទេសចរណ៍ បានបន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៦,៨២៩នាក់
* ខេត្តកំពត ៤៨,៩០៥នាក់
* ខេត្តសៀមរាប ៤៨,៨៦៧នាក់
* ខេត្តបាត់ដំបង ៤៣,៦២១នាក់
* ខេត្តកែប ៣៤,៥០០នាក់
* ខេត្តបន្ទាយមានជ័យ ២២,៤៣០នាក់
* រាជធានីភ្នំពេញ ១៧,០៩០នាក់
* ខេត្តពោធិ៍សាត់ ១៦,១២០នាក់
* ខេត្តកំពង់ស្ពឺ ១៣,៥៨៤នាក់
តួលេខចុងសប្តាហ៍នេះ បន្តកើនឡើងប្រមាណ១១.៤៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ដោយសារមានព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរកាលពីថ្ងៃសៅរ៍ ចរន្តនៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋមានការប្រែប្រួលខ្លះធៀបនឹងចុងសប្តាហ៍កន្លងមក ដែលភ្ញៀវភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវមកខេត្តជិតៗ ខណៈដែលចុងសប្តាហ៍នេះ ប្រជាពលរដ្ឋភាគច្រើនបានចេញធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តឆ្ងាយៗ ពិសេសបណ្តាខេត្តតំបន់ឆ្នេរ ខេត្តសៀមរាប និងបាត់ដំបងជាដើម ដោយពួកគាត់ខ្លះបានចេញដំណើរតាំងពីល្ងាចថ្ងៃសុក្រ និងត្រលប់ចូលមករាជធានីភ្នំពេញវិញនាល្ងាចនេះ។ អត្រាកក់បន្ទប់ស្នាក់នៅក៏មានចំនួនច្រើននាចុងសប្តាហ៍នេះ ពិសេសនៅកំពត កែប ព្រះសីហនុ និងខេត្តសៀមរាប។
ទន្ទឹមនឹងគោលដៅខាងលើ ចរន្តភ្ញៀវនៅខេត្តសៀមរាបក៏មានការកើនឡើងច្រើននាចុងសប្តាហ៍នេះ ពិសេសបន្ទាប់ពីការបើកទទួលភ្ញៀវរបស់រមណីយដ្ឋានសួនបៃតងអង្គរ (អតីតរមណីយដ្ឋានភូមិវប្បធម៌) ខណៈដែលកន្លងមកអាជ្ញាធរជាតិអប្សរាដក៏បានដាក់ឲ្យដំណើរការរមណីយដ្ឋានសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបក៏មានការកើនឡើងមួយចំនួនដែរ បន្ទាប់ពីមានជើងហោះហើររវាងទីក្រុងសៀមរាប និងទីក្រុងហូជីមិញ (ព្រៃនគរ) ប្រតិបត្តិដោយក្រុមហ៊ុន Cambodia Angkor Air ដែលបានបើកដំណើរឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីផ្អាកដំណើរការដោយសារវិបត្តិជំងឺកូវីដ-១៩។
ឯនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យនេះ ក៏មានការៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិលើកទី១០ ដែលមានអ្នកចូលរួមសរុបប្រមាណ៥ពាន់នាក់ បន្ទាប់ពីព្រឹត្តិការណ៍នេះបានខកខានរៀបចំ២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩។
ដោយឡែកចំពោះតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ក្រសួងទេសចរណ៍នឹងបង្កើតឲ្យមានក្រុមការងារពិសេស ដើម្បីសហការរៀបចំតំបន់ជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានទស្សនាស្វែងយល់៕
ដោយ៖សហការី