ភ្នំពេញ ៖ សារសំឡេង ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បង្ហោះលិខិតនោះលើបណ្តាញទំនាក់ទំនងសង្គម facebook មានអ្នកឆ្ងល់ជាច្រើន តើការពិតឬមួយ យ៉ាងណា ! បើជាការពិត មន្ត្រីនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់នេះ ដើម្បីផ្តល់សេចក្តីគោរព ស្រឡាញ់ ពីប្រជាពលរដ្ឋ ឬអត់ ? ចម្លើយតប ត្រូវបាន លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ ឱ្យដឹងនៅរសៀលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ នេះថា, ចំពោះសារសំឡេងរបស់ នាយនគរបាលចរាចរណ៍ នាយកដ្ឋាន និង ឯកសារ ដែលបងប្អូនចែកចាយនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ជាគោលការណ៍ថ្មី ដែលលោកនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកចរាចរណ៍ ទេីបណែនាំឱ្យមន្ត្រីនគរបាលចរាចរណ៍ ទូទាំង២៥ រាជធានី-ខេត្តយកទៅអនុវត្តន៍ ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន ហើយចូលរួម អនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាព ស្របពេលប្រទេសជាតិយើង គ្រប់គ្រងដោយច្បាប់ ។
សមត្ថកិច្ចគាត់ បម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ជៀសវាងបុគ្គលម្នាក់ធ្វើខុស សំដៅលើស្ថាប័នកងកម្លាំងប្រដាប់ទាំងមូល ! យើងរួបរួមសាមគ្គី ស្រឡាញ់ប្រទេសជាតិយើង ខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា, ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្តីពីចរាចរណ៏ផ្លូវគោក
១- ចំពោះបទល្មើសរថយន្តមាន ៩បំណុច + (អប់រំ ៥ចំណុច និង ផាកពិន័យ ៤ចំណុច)
+ អប់រំ ៥ចំណុច រួមមាន ៖
–បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា
–បើកបរវ៉ាជែង
–បើកបរមិនពាក់ខ្សែក្រវ៉ាត់
–ដឹកលើសចំណុះ
–ការប្រើប្រាស់ទូរស័ព្ទ
+ ផាកពិន័យ ៤ចំណុច រួមមាន ៖
–បើកបរលើសល្បឿន
–បើកបរស្រវឹង
–គ្មានបណ្ណបើកបរ
–គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ
២- ចំពោះបទល្មើសម៉ូតូមាន ៧ចំណុច + (អប់រំ ៤ចំណុច និង ផាកពិន័យ ៣ចំណុច)
+ អប់រំ ៤ចំណុច រួមមាន ៖
–បើកបរមិនគោរពភ្លើងសញ្ញា
–ល្មើសការបត់ និងវ៉ាជែង
–ការប្រើប្រាស់ទូរស័ព្ទ
–ដឹកលើសចំណុះ
+ ផាកពិន័យ ៣ចំណុច រួមមាន ៖
–មិនពាក់មួកការពារសុវត្ថិភាព
–បើកបរស្រវឹង
–អត់ផ្លាកលេខ ៕
ដោយ ៖ សិលា