ព័ត៌មានទាន់ហេតុការណ៍៖

សន ពិសិដ្ឋ ចេញមុខបញ្ជាក់រឿងស្ត្រីអាណិកជនម្នាក់ចាញ់បោកប្រាក់គេ១៥.០០០ដុល្លារហើយភ្ជាប់នឹងរូបលោក

ចែករំលែក៖

  ភ្នំពេញ៖ ទីបំផុតតារាសាច់ដុំ លោកសន ពិសិដ្ឋ បានចេញមុខបញ្ជាក់លម្អិតការពិតហើយ បន្ទាប់ពីស្ត្រីជាអាណិកជនម្នាក់ឈ្មោះជីជី ចាន់ធីតាចាន់ បានធ្វើការបង្ហោះសារអមដោយរូបថតមួយចំនួនលើកឡើងអំពីការចាញ់បោកប្រាក់ទៅតារាប្រុសរូបនេះអស់ប្រាក់១៥.០០០ដុល្លារអាមេរិកក្រោយពីការស្គាល់គ្នាតាមរយៈហ្វេសប៊ុក។

នេះមិនមែនជាករណីថ្មីឡើយសម្រាប់អ្នកលេងបណ្តាញសង្គមដែលបានចាញ់បោកជនខិលខូច តាមរយៈការយករូបថតបុរសនារីស្អាតៗទាំងក្នុងនិងក្រៅចង្កោមសិល្បៈទៅប្រើប្រាស់ក្នុងន័យបោកប្រាស់យករបស់ទ្រព្យមានតម្លៃពីអ្នកលេងបណ្តាញសង្គម បើទោះបីជាកន្លងទៅមានការផ្សព្វផ្សាយមួយចំនួនក្តីក៏ករណីនៃការចាញ់បោកនេះនៅតែកើតមានដដែល។យោងតាមការទម្លាយបញ្ជាក់ប្រាប់ពីសំណាក់ស្ត្រីជាអាណិកជនខាងលើបានបញ្ចេញគឺជាវិក័យបត្រនៃការផ្ញើប្រាក់ទៅកាន់បុគ្គលឈ្មោះ ហាង ផានិត មានលេខទូរស័ព្ទ 087 2677 75ចំនួន៣សន្លឹកគឺសន្លឹកទី១មានចំនួន៥ពាន់ដុល្លារ សន្លឹកទី២គឺ៣ពាន់ដុល្លារ និងទី៣ចំនួន៨០០ដុល្លារ។ នារីខាងលើបានទម្លាយដែរថា ការចាញ់បោកគឺក្រោយពីបានស្គាល់ទំនាក់ទំនងជាមួយនឹងគណនីហ្វេសប៊ុកដាក់ឈ្មោះថាហេងពិសិដ្ឋ ដោយគណនីនោះប្រាប់ថាខ្លួនរកស៊ីទិញលក់រថយន្តពីប្រទេសវៀតណាម ហើយត្រូវការប្រាក់ ហើយមានម្តងនោះបានផ្ញើវីដេអូថាខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនត្រូវការលុយបន្ទាន់ដើម្បីដោះស្រាយ ដោយមានទាំងបុគ្គលម្នាក់ផ្សេងទៀតដែលខ្លួនបានជួបតាមទូរស័ព្ទអះអាងថាជាឪពុកជាអ្នកធានាដែរ។ បើទោះបីជាមានការបញ្ជាក់តបត្រឡប់ទៅកាន់ស្ត្រីខាងលើនោះវិញក៏ដោយថាជាករណីយករូបថតលោកទៅបោកក្តីក៏ស្រ្តីវ័យជ្រេខាងលើនៅមិនទាន់លប់ចោលនូវរូបថតដែលបានបង្ហោះនោះនៅឡើយ រហូតលោក សន ពិសិដ្ឋបានចាត់ទុកថាវាគឺជារឿងដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកខ្លាំង។ តារាប្រុសរូបនេះបានលើកឡើងថាលោកមិនដែលមានទំនាក់ទំនងជាមួយស្ត្រីខាងលើឡើយ។ អ្វីដែលធ្វើឲ្យលោកហួសចិត្តដែរគឺក្រោយពីបានជួបស្ត្រីខាងលើតាមទូរស័ព្ទក៏នៅតែហាក់មិនអាចស្តាប់យល់គ្នាបានច្រើន ហើយស្ត្រីខាងលើនៅតែចោទប្រកាន់មកលើលោកទាំងជារឿងដែលមិនពិបាកយល់ថានេះគឺជាល្បិចកលក្នុងការបោក ហើយរឿងនេះក៏មិនមែនជាលើកទី១សម្រាប់អ្នកលេងបណ្តាញសង្គម ហើយករណីនេះក៏ធ្លាប់ធ្លាក់លើលោកកន្លងទៅផងដែរ។ លោកថាឲ្យស្ត្រីខាងលើពិចារណាឡើងវិញមុនពេលបង្ហោះសារនិងរូបថតដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក និងមុនពេលលោកចាត់វិធានការតាមផ្លូវច្បាប់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖