ខេត្តក្រុងជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិនកំពុងប្រឈមនឹងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យទីក្រុងលិចលង់ក្នុងទឹកជំនន់។ ចំណែកតំបន់ជនបទវិញ ដំណាំនានាបានរងនូវការបំផ្លាញ ។
អាជ្ញាធរក្នុងខេត្តចំនួន២ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានសម្រេចដំឡើងកម្រិតប្រកាសអាសន្ននាថ្ងៃទី២១ ខែមិថុនានេះ ជាមួយនឹងការព្រមានថា ទឹកជំនន់បានឈានដល់កម្រិតយ៉ាងអាក្រក់ ហើយទឹកទន្លេច្រាលឡើងមកហៀរច្រាំង ដែលជាហេតុនាំឱ្យមានការផ្លាស់ទីប្រជាជន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ទីក្រុង Shaoguan នៃខេត្ត Guangdong ជាកន្លែងដែលមានភ្លៀងធ្លាក់មធ្យមចាប់តាំងពីចុងខែឧសភាមកនោះ បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយការប្រកាសអាសន្នទឹកជំនន់ ដល់កម្រិតខ្ពស់បំផុត។
អាជ្ញាធរមូលដ្ឋានបានស្នើដល់ ប្រជាជនដែលរស់នៅក្បែរច្រាំងទន្លេ និងលំនៅឋាននៅទីទំនាបឱ្យជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ៗ បន្ទាប់ពីទឹកជំនន់បានជន់លិចយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំមកនេះ។ រីឯ ខេត្ត Jiangxi នៅភាគឦសាន, អាជ្ញាធរបានបង្កើនការប្រកាសអាសន្នដល់កម្រិតពណ៌ក្រហម បន្ទាប់ពីមនុស្សចំនួន ៤៨៥,០០០នាក់ នៃស្រុកចំនួន៩ បានរងផលប៉ះពាល់ពីទឹកជំនន់។
អាជ្ញាធរក្នុងទីក្រុង Shaoguan បានឱ្យដឹងថា វិធានការបិទទីតាំងមួយចំនួនអាចត្រូវអនុវត្តនៅឯការដ្ឋានសំណង់, កន្លែងលក់ដូរ, កន្លែងមធ្យោបាយដឹកជញ្ជូនសាធារណៈ និងកំពង់ផែ ហើយប្រសិនបើមានបុគ្គលិកមិនអាចធ្វើដំណើរទៅកាន់កន្លែងការងារទេនោះ គឺពួកគេមិនត្រូវបង្ខំឱ្យធ្វើការឡើយ។
ទន្ទឹមនឹងភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ភាគខាងត្បូងប្រទេសចិននេះដែរ នៅឯតំបន់ភាគខាងជើងទន្លេ Yangtze ឯណោះវិញ កំពុងជួបប្រទះអាកាសធាតុក្តៅខ្លាំង ដែលជំរុញឱ្យការប្រើប្រាស់ថាមពលកើនឡើងកាលពីសប្តាហ៍មុន៕ ដោយ៖ ធីរីណា
រូបថត ៖ Laodong.vn