ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្មបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្ម ជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងស៊ីទែនដឹកផេះធ្យូងថ្មមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3E 3428បើកបរដោយបុរសម្នាក់នឹងរួមដំណើរដោយបុរសម្នាក់ទៀត ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្ត សណ្ដោងទូកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបើកវ៉ាជែងឡើងមកមុនរួចជាន់ហ្រាំង បណ្ដាលឲ្យរថយន្តសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្ម ជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តសណ្ដោងទូកកុងតឺន័រពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តសណ្ដោងទូកុងតឺន័របានបន្តដំណើរទៅមុខទៀតបាត់ស្រមោលតែម្តង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានសួរនាំទៅតៃកុងរថយន្តដោយតៃកុងរថយន្តសុំយករថយន្តទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖