ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលារៀនគោលដៅក្នុងខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានរាយការណ៍ថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយមូលនិធិសប្បុរសធម៌ព្រីនស៍ ឧបត្ថម្ភឧបករណ៍លាងសម្អាតដៃប្រើដោយឈ្នាន់ជាន់ជើងជូនសាលារៀនទូទាំងខេត្ត ចំនួន ១៩៨គ្រឿង និងសាប៊ូទឹកចំនួន២៨៤ដប ជូនដល់សាលារៀនក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយធ្វើការបែងចែកដូចខាងក្រោម៖
-ក្រុងព្រះសីហនុ ចំនួន៣៦គ្រឿង សាប៊ូទឹក ចំនួន ៧២ដប
-ស្រុកព្រៃនប់ ចំនួន៩២គ្រឿង និងសាប៊ូទឹក ចំនួន៩២ដប
-ស្រុកកំពង់សីលា ចំនួន៤០គ្រឿង និងសាប៊ូទឹក ចំនួន ៨០ដប
ស្រុកស្ទឹងហាវ ចំនួន២០គ្រឿង និងសាប៊ូទឹក ចំនួន២០ដប
-ក្រុងកោះរ៉ុង ចំនួន១០គ្រឿង និងសាប៊ូទឹក ចំនួន ២០ដប។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ បានផ្តល់ឧបករណ៍លាងសម្អាតដៃ ដោយឈ្នាន់ជាន់ជើង សម្រាប់សិស្សានុសិស្សនៅទូទាំងខេត្តព្រះសីហនុបានប្រើប្រាស់។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយល់ដឹងពីគុណតម្លៃនៃសម្ភារៈ ឧបករណ៍ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ក៏ដូចជាការចូលរួមថែទាំសុខភាពគ្រូ និងសិស្សរបស់យើង។
កម្ពុជាឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះជំងឺផ្តាសាយក៏មានការថមថយ ធ្វើឱ្យសុខភាពគ្រូ និងសិស្សកាន់តែរឹងមាំ។ ដើម្បីលើកកម្ពស់សុខភាពសាធារណៈសូមប្រើប្រាស់ឧបករណ៍ និងសម្ភារៈទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់យើង។ យើងត្រូវរួមគ្នាម្ចាស់ការថែរក្សាសម្ភារៈ និងឧបករណ៍ដែលជាគុណប្រយោជន៍ នៃការថែទាំអនាម័យគ្រូ និងសិស្សរបស់យើងនៅតាមសាលានីមួយៗនៅទូទាំងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរមូលនិធិសប្បុរសធម៌ព្រីនស៍ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ តាមរយៈការផ្ដល់ជាសម្ភារៈនិងថវិកា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១កន្លងមក ។ ទន្ទឹមនឹងនោះ មូលនិធិសប្បុរសធម៌ព្រីនស៍ ក៏បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជញ្ជាំងបេតុងអូរប្រឡាយ ដើម្បីរួមចំណែកកែលម្អសោភ័ណភាពក្រុងព្រះសីហនុ ឱ្យកាន់តែមានសណ្ដាប់ធ្នាប់ល្អ និងបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។
ជាមួយគ្នានេះ មូលនិធិសប្បុរសធម៌ព្រីនស៍ ក៏បានសន្យាជួយដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេសផងដែរ ដូច្នេះសូមឱ្យមូលនិធិសប្បុរសធម៌ព្រីនស៍បន្តចែករំលែក និងគាំទ្រដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុបន្តទៀត៕
ដោយ៖សហការី