ភ្នំពេញ ៖ ព្រះរាជសារអបអរសាទររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន Nguyen Phu Trong អគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។
ឯកឧត្តម ង្វៀន ហ្វ៊ីចុង អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម ហាណូយ
ឯកឧត្តម
នាឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជា ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម – ២០២២ . ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង សូមសំដែងនូវអំណរ សាទរយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនចំពោះប្រជាជនវៀតណាមទាំងអស់។
កម្ពុជា និងវៀតណាម បានរីករាយជាមួយគ្នានូវទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាង កក់ក្តៅ និងសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ អស់រយៈពេលជាងប្រាំទស្សវត្សមកនេះ ផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានឃើញចំណងទាក់ទងរបស់យើងបន្តរីកលូតលាស់ ដែលកើតឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនិង ការប្រាស្រ័យទាក់ទងរវាងប្រជាជន៍ និងប្រជាជន។
បើទោះមានបញ្ហាប្រឈមជាសកលដោយសារជំងឺកូវីដ-១៩ក៏ដោយ ក៏យើងសម្រេចបាន ទំហំពាណិជ្ជកម្មដ៏អស្ចារ្យទ្វេដង ពីចំនួន ៤,៧ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើនដល់ ជាង ៩,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយបានពង្រីកគួរអោយកត់សំគាល់នូវ សកម្មភាពការវិនិយោគរបស់វៀតណាមនៅកម្ពុជា។ ចាប់តាំងពីប្រទេសទាំងពីរបានបើកឡើងវិញ ចំនួនទេសចរវៀតណាមកំពុងឈរលំដាប់ទី១ ក្នុងតារាងភ្ញៀវបរទេសមកកម្ពុជា ខណៈដែល ពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ក៏បានធ្វើដំណើរទៅវៀតណាម័យ ក្នុងគោលបំណងលំហែ ធុរកិច្ច និងការព្យាបាលផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់ សម្គាល់របស់វៀតណាម ក្រោមទស្សនវិស័យដ៏វែងឆ្ងាយរបស់បក្សកុម្មុយនិស្តវៀតណាម និង ភាពដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម។
ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត នឹងធ្វើឱ្យយើង ចងចាំនូវអ្វីដែលយើងបានផ្តល់ឱ្យគ្នាទៅវិញទៅមកពីអតីតកាល ក្នុងបុព្វហេតុរំដោះ ការបង្រួប បង្រួម ឯករាជ្យ និងការអភិវឌ្ឍជាតិ ហើយនឹងបន្តលើកកំពស់បន្ថែមទៀតនូវមនោសញ្ចេតនា សាមគ្គីភាព និងសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីភាពរីកចំរើនរួមគ្នានៃប្រជាជាតិទាំងពីរ គ្រួសារ អាស៊ាន និងពិភពលោកទាំងមូល។
សូម ឯកឧត្ត ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងសព្ទសាធុការពរជូន ឯកឧត្តម សូមឱ្យប្រកបដោយសុខភាពល្អ និងជោគជ័យ ដើម្បីនាំមកនូវវឌ្ឍភាពសេដ្ឋកិច្ច-សង្គម ជូនដល់ប្រជាជនរបស់ ឯកឧត្តម។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ដោយ ៖ សិលា