ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ខ្លាំងណាស់!! នារីពីរនាក់ជិះម៉ូតូដើរលក់ម្ជូរពេលយប់ ត្រូវរថយន្ត Prius បើកបុកបណ្តាលឱ្យម្នាក់ខ្ទេចជើងមួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមពីរនាក់ស្រវឹងស្រាជោក បានបើករថយន្តToyota Prius មួយគ្រឿង ជ្រុលទៅបុកម៉ូតូដែលជិះដោយនារីពីរនាក់ដើរលក់ម្ជូរពេលយប់ពេញទំហឹង បណ្ដាលឱ្យនារីម្នាក់របួសខ្ទេចជើងមួយចំហៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខមន្ទីរពេទ្យសែនសុខ តាមបណ្តោយផ្លូវ លេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-7684 ដឹកម្ជូរដើរលក់តាមហាងពេលយប់ ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-5220 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត និងបានរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យនារីម្នាក់រងរបួសខ្ទេចជើងខាងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល។  ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបើករត់រហូតមកដល់ចំណុចមុខការាសសាំងមួយកន្លែង តាមបណ្តោយផ្លូវ លេខ១៩៨៦ កែងផ្លូវលេខ១០០៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច។

    ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរនិងអ្នករួមដំណើរដាក់ក្នុងរថយន្តបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖