ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ក្នុងការដ្ឋានសំណង់មួយកន្លែងបណ្តាលឱ្យស្លាប់ផ្អើលទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ហើយត្រូវបានមេការបងប្អូនមិត្តភក្តិដែលរួមការងារជាមួយនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះនាំយកទៅមន្ទីរពេទ្យ តែជាអកុសលយឹតពេលទៅហើយ។

    ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    យោងតាមមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ រ៉េត សារុន អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល ។

   ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានថាមានករណីខ្សែភ្លើងឆក់មនុស្សស្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតមក សមត្ថកិច្ចបានចុះមកដល់និងធ្វើកំណត់ហេតុដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន។

     តាមកម្មករសំណង់បានឱ្យដឹងថា មុនកើតហេតុក្រុមការងារនិងជនរងគ្រោះបានធ្វើការដូចសព្វដង ខណៈនោះស្រាប់តែបុរសឈ្មោះ រ៉េត សារុន បានដេកដួលប្រកាច់ដោយត្រូវខ្សែភ្លើងឆក់ទើបបងប្អូនមិត្តភក្តិ និងមេការសំណង់បានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យពន្លឺបូព៌ា ប៉ុន្តែដោយមានសភាពធ្ងន់ធ្ងរពេកគ្រូពេទ្យមិនហ៊ានទទួលដោយបានប្រាប់ឱ្យបញ្ជួនបន្តទៅមន្ទីរពេទ្យបង្អែកជីភូ។ ពេលទៅដល់ភ្លាមបងប្អូនក្រុមការងារនិងមេការបានលើកយកជនរងគ្រោះចេញពីក្នុងរថយន្ត ដើម្បីយកទៅឱ្យគ្រូពេទ្យសង្រ្គោះ ប៉ុន្តែគាត់ស្លាប់បាត់ទៅហើយ ។

    បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ដើម្បីរង់ចាំក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖