ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កងកម្លាំងមួកខៀវកម្ពុជា បានអនុវត្តការងារក្រោមឆ័ត្រអង្គការគឺបានទទួលបានលទ្ធផលជោគជ័យគ្រប់តាមផែនការរបស់ទីបញ្ជាការកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ UNIFIL។ នេះបេីយោងតាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក ចក់ ស៊ីថុល មេបញ្ជាការ កងអនុសេនាធំវិស្វកម្មពហុជំនាញ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ចក់ ស៊ីថុល បានបន្ដថា ២០សប្តាហ៍មកនេះ កម្លាំងមួកខៀវបោសសម្អាតមីនកម្ពុជា បានធ្វើការដោះមីនលើផ្ទៃដីនៅក្នុងតំបន់បេសកកម្មបានប្រមាណជិត ៣០០០ ម៉ែត្រការ៉េ បានរកឃើញគ្រាប់មីនប្រឆាំងថ្មើជើងប្រភេទភេទNo4 ចំនួន៣១១គ្រាប់ និងអំបែងចំនួន១១៥ដុំ។ ដោយឡែកក្រុមកម្ទេចគ្រាប់កែច្នៃរ EOD បានធ្វើការកម្ទេចគ្រាប់មីនប្រឆាំងថ្មើជើងចំនួន៤៧លើក ស្មើនឹង៣១១គ្រាប់។
លោក ចក់ ស៊ីថុល បានឱ្យដឹងទៀតថា ចំពោះការងារវិស្វកម្មវិញ ក្នងឆមាសទី១នេះ កងកម្លាំងមួកខៀវវិស្វកម្ម បានរុះរើប៉ុស្តិ៍យាមចាស់ និងសាងសង់ប៉ុស្តិ៍យាមថ្មី នៅបន្ទាយកងទ័ពមួកខៀវឥណ្ឌូនេស៊ី ចំនួន២កន្លែងធំៗ និងធ្វើជណ្តើរដែក សម្រេចបាន១០០%, និងសាងសង់ជម្រកសុវត្ថិភាពចំនួន២កន្លែង នៅបន្ទាយទ័ពមួកខៀវឥណ្ឌា ១កន្លែងសម្រេចបាន១០០% និងមួយកន្លែងទៀតសម្រេចបាន៨៥%។ ជាមួយគ្នាកំពុងសាងសង់របងHESCO ការពារឃ្លាំងគ្រាប់ នៅបន្ទាយឥណ្ឌា សម្រេចបាន៨៨%ផងដែរ។
ចំពោះមន្ទីរពេទ្យកម្រិត១របស់កម្ពុជាវិញ ក៏បានធ្វើការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់ទ័ពក្នុងតំបន់បេសកកម្ម និងប្រជាជនលីបង់ បានចំនួន៣៥៤នាក់ ហើយបណ្តាពលរដ្ឋលីបង់ទាំងនោះ ក៏បានសំដែងអរគុណ នឹងដឹងគុណជាខ្លាំងដល់កម្លាំងមួកខៀវកម្ពុជា ដែលបានមើលថែ និងជួយស្វែងរកសុខសន្តិភាពនៅក្នុងប្រទេសលីបង់។
លោកមេបញ្ជាការកងអនុសេនាធំវិស្វកម្មពហុជំនាញរូបនេះ បានគូសបញ្ជាក់ថា អនុវត្តតាមការណែនាំពីសំណាក់ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺកម្លាងទាំងអស់បាននិងកំពុងបន្តអនុវត្ត និងគោរពវិន័យបានយ៉ាងល្អរបស់អង្គការសហប្រជាជាតិ និងបានសហការល្អជាមួយកងកម្លាំងមួកខៀវ នៃបណ្តាប្រទេសដទៃទៀត។
គួរបញ្ជាក់ថា កងវិស្វកម្មពហុជំនាញលេខ៨២៩ចំនួនសរុប១៨៤នាក់ ក្នុងនោះមានស្រីចំនួន៣០នាក់ បានចេញដំណើរទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅប្រទេសលីបង់កាលពីដើមខែកុម្ភៈឆ្នាំ២០២២ ហើយកងកម្លាំងតួនាទីបន្តការបំពេញបេសកកម្មដោះមីន និងសង់សំណង់ដេក និងសំណង់បញ្ឈរនានានៅក្នុងតំបន់ភ្នំផង រងសម្ពាធវិបត្តិសេដ្ឋកិច្ច និងមានជម្លោះព្រំដែនក្នុងប្រទេសលីបង់ ជាប់ព្រំដែនគ្នាជាមួយប្រទេសអុីស្រាអ៊ែល៕
ដោយ៖សហការី