ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យទំនាក់ទំនងព្រំដែនអន្តរជាតិកម្ពុជា ឡាវ(BLO) : ករណីគ្រឿងញៀនជួញដូរឆ្លងដែនពីប្រទេសជិតខាងឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងមានការថយចុះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បើយោងតាម លោក វរសេនីយ៍ទោ ម៉ាន់ សៀប ប្រធានការិយាល័យទំនាក់ទំនងព្រំដែនអន្តរជាតិកម្ពុជា ឡាវ(BLO) បានបញ្ជាក់ថា, បទល្មើសគ្រឿងញៀនឆ្លងដែនពីប្រទេសជិតខាងចូលមកកម្ពុជា ដោយកន្លងមកយកភូមិសាស្ត្រខេត្តស្ទឹងត្រែងជាតំបន់ឆ្លងកាត់ គឺមានការថយចុះ នៅ៦ខែដើមឆ្នាំ២០២២ ។ 

លោក វរសេនីយ៍ទោ ម៉ាន់ សៀប ប្រធានការិយាល័យទំនាក់ទំនងព្រំដែនអន្តរជាតិកម្ពុជា ឡាវ(BLO)នៅចំណុចច្រកទ្វារ ត្រពាំងក្រៀលនៃភូមិសាស្រ្តខេត្តស្ទឹងត្រែង បានឲ្យដឹងថា សកម្មភាពពួកឧក្រឹដ្ឋជន ក្នុងការធ្វើជំនួញគ្រឿងញៀនឆ្លងដែនដោយយកខេត្តស្ទឹងត្រែងជាតំបន់ឆ្លងកាត់កន្លងនោះ ពេលនេះមានការថយចុះ ជាក់ស្ដែងក្នុងរយៈពេល៦ខែនៅដើមឆ្នាំ២០២២នេះ មានតែមួយករណីប៉ុណ្ណោះ។

លោកបន្តថា ការថុចុះនៃសកម្មភាពបទល្មើសគ្រឿងញៀនឆ្លងដែន នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាឡាវ ដោយសារតែមានការចូលរួមសហការពីកងកម្លាំងការពារព្រំដែននិងមានការសហការល្អពីសមត្ថកិច្ចខាងភាគីឡាវ ក្នុងការរឹតបន្តឹងទប់ស្កាត់រាល់សកម្មភាពបទល្មើសការជួញដូរនៅសារធាតុញៀន ឆ្លងដែនខុសច្បាប់ពីប្រទេសជិតខាង ។

លោកប្រធានBLO បានបញ្ជាក់បន្ថែមថា បើប្រៀបធៀបឆ្នាំ២០២១ និងឆ្នាំ២០២២ រយៈពេល៦ខែដូចគា្ន សម្រាប់ឆ្នាំ២០២២នេះសកម្មភាពបទល្មើសគ្រឿងញៀនមានតែមួយករណី ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបាននៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ ដោយឃាត់បានជនជាតិឡាវ ម្នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនចំនួនទម្ងន់១០គីឡូក្រាមប៉ុណ្ណោះ ដោយឡែកកន្លងមក នៅឆ្នាំ២០២១ មានការបង្ក្រាបបានច្រើនករណីណាស់ ហើយបង្ក្រាបបានរាប់រយគីឡូក្រាមទៀតផងលោក ទិន សត្យា ប្រធានសមាគមន៍ ទេសចរណ៍ប្រចាំច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល បានឲ្យដឹងថា នៅក្នុងឆ្នាំង២០២២ នេះលោកបានសង្កេតឃើញសកម្មភាពរបស់កងកម្លាំង សមត្ថកិច្ចគ្រប់អង្គភាព ដែលឈរជើងតាមបន្ទាត់ព្រំដែន គឺបានចុះពង្រឹង អនុវត្តន៍ច្បាប់ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ បានល្អ ជាពិសេសបានចុះល្បាតទប់ស្កាត់រាល់សកម្មភាពបទល្មើសឆ្លងដែនបានយ៉ាងល្អប្រសើរ ។ 

ការចុះថយនៃបទល្មើសគ្រឿងញៀន គឺជាការខិតខំរបស់សមត្ថកិច្ច ក៏ដូចជាការកាត់បន្ថយ ការហូរចូលនូវគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញ សុខភាព ធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ។ ដូច្នេះការថយចុះបទល្មើសគ្រឿងញៀន មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមន្ត្រីរាជការ គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងថ្នាក់ដឹកនាំ៕

ដោយ ៖ សហការី


ចែករំលែក៖