ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសជាគ្រូបង្រៀនម្នាក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខណៈបើកបរថយន្តប្រើប្រាស់ល្បឿនលឿនបណ្ដាលឱ្យរេចង្កូតក្រឡាប់ចូលស្រះទឹក លើផ្លូវក្រវ៉ាត់ព្រំដែន ផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២២លើផ្លូវក្រវ៉ាត់ព្រំដែន ចំណុចចន្លោះបង្គោលលេខ១៥៣/២ទៅបង្គោលលេខ១៥៣/៣ ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ សោម ធី អាយុ ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិត្រពាំងថ្ម ឃុំ ថ្នាថ្នង់ ស្រុក រំដួល ខេត្តស្វាយរៀង។
ចំណែកអ្នករងរបួសត្រូវជាម្ដាយមានឈ្មោះ អ៊ី ស៊ុន អាយុ ៥០ ឆ្នាំមុខរបរកសិករ ដោយរងរបួសបាក់ភ្លៅខាងស្តាំនិងក្មេងប្រុស២នាក់រងរបួសស្រាល។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ សពាក់ ស្លាកលេខ ស្វាយរៀង២C.២៣៦៦ ដោយជិះគ្នា៤នាក់ធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើក៏បានរេចង្កូតធ្លាក់ប្រឡាយផ្លូវថ្នល់តាមខ្សែបន្ទាត់ព្រំដែនក្រឡាប់ផ្ងារជើងឡើងលើច្រមុជចូលក្នុងទឹកទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះបាន៣នាក់ចំណែកអ្នកបើករថយន្តអកុសលយឹតពេលទៅហើយ។
បច្ចុប្បន្នអ្នករបួសត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖យឹម សុថាន