ព័ត៌មានទាន់ហេតុការណ៍៖

តំណាងសម្តេចតេជោ ជំរុញឱ្យស្រាវជ្រាវកាត់ផ្តាច់ចរន្ត លុយខ្មៅរបស់ឧក្រិដ្ឋជនគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការស្រាវជ្រាវដល់ប្រភពលុយ និងចរន្តលុយខ្មៅរបស់ឧក្រិដ្ឋជនគ្រឿងញៀនកុំឱ្យក្រុមឧក្រិដ្ឋជនទាំងនោះអាចលាងសម្អាតលុយងងឹតរបស់ខ្លួន ដោយថាការធ្វើបែបនេះដើម្បីជួយដល់វិស័យធានាគារកម្ពុជា ក្រោយពីត្រូវបានក្រុមការងារហិរញ្ញវត្ថុ FATF បន្តដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រផេះ។

ថ្លែងតំណាងឱ្យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាបទល្មើសគ្រឿងញៀនគឺជាបទល្មើសមួយដែលពួកឧក្រិដ្ឋជនអាចនឹងស្រូបយកប្រាក់កម្រៃធនធានជាច្រើនដើម្បីយកទៅបម្រើដល់ប្រយោជន៍របស់ពួកគេក្នុងនោះក៏មានការការយកលុយទៅបម្រើដល់ការពង្រីកអាវុធមហាប្រល័យផងដែរ។

សម្ដេចបានស្នើដល់កម្លាំងសមត្ថកិច្ច តុលាការ និងស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាបង្ក្រាបបទល្មើសហើយស្រាវជ្រាវឱ្យដល់ឬសគល់ប្រភពធនធាន និងចរន្តនៃលំហូរលុយដែលកើតចេញពីការលក់គ្រឿងញៀនទាំងអស់។

សម្ដេចក្រឡាហោមថា៖ «តាមពិតលុយរកស៊ីគ្រឿងញៀនវាខុសច្បាប់បាត់ទៅហើយ! វាខ្មៅរួចទៅហើយ ប៉ុន្ដែលុយហ្នឹងយកទៅណា? ជួនអីយកទៅដី អាហ្នឹងហើយដែលយើងត្រូវប្រឆាំងការសម្អាតប្រាក់! ទៅទិញដីក៏ដោយប្រសិនជាយើងរកឃើញលុយបានមកពីគ្រឿងញៀន ហើយយកលុយទៅទិញដី លក់ដីយកទៅធ្វើអាវុធអាហ្នឹងដែលត្រូវសម្អាត និងប្រឆាំងការរីកសាយភាពអាវុធមហាប្រល័យ»។

សម្ដេចក្រឡាហោមបញ្ជាក់ថា កម្ពុជាគឺជាសមាជិកនៃអង្គការសហប្រជាជាតិដែលមានត្រូវចូលរួមជាមួយអង្គការនេះក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងសម្អាតប្រាក់ ទប់ស្កាត់កុំឱ្យរីកសាយអាវុធមហាប្រល័យ។ ដូច្នេះការចូលរួមធ្វើឱ្យកម្ពុជាឈ្នះបានលើការសម្អាតប្រាក់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនគឺជាផលប្រយោជន៍ កិត្តិយស មុខមាត់ជាតិទាំងមូល។

សម្ដេចថាការធ្វើបែបនេះក៏ដូចជាជួយដល់វិស័យធានា និងសង្គមជាតិផងដែរ។

សម្ដេចថា៖ «ជួនអីអ្នករកស៊ីគ្រឿងញៀនបញ្ចូលលុយក្នុងធនាគារនាំឱ្យធនាគារទៅប្រផេះ ហើយបើសិនជាយើងនៅតែបណ្ដោយទៀតគឺធានាគារហ្នឹងទៅជាធនាគារខ្មៅតែម្ដង។ ហើយបើធានាគារជាតិខ្មៅហើយ នាំឱ្យធានាគារទាំងអស់ខ្មៅទាំងអស់ ហើយបើខ្មៅហើយប្រែមកថាយើងតម្កល់លុយអត់បានទេ! ពីមុនយើងធ្លាប់ប្រើ ១ម៉ោង ឬកន្លះម៉ោងបាន ស៊ីញ៉េសែកទៅបើកយកលុយបាន តែឥឡូវអត់! គេមិនមែនហាមឃាត់យើងទេតែគ្រាន់តែថាយើងបើកអត់បាន។ គេត្រូវតែត្រួតពិនិត្យមួយអាទិត្យ ឬ១ខែ ឬ២ខែដើម្បីដឹងពីប្រភពនៃថវិកានោះ វាត្រឹមត្រូវឬមិនត្រឹមត្រូវ។ នេះហើយជាបញ្ហា»។

កម្ពុជាត្រូវបានក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF នៅប្រទេសបារាំង បន្តដាក់ជាប្រទេសក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យនៃការលាងលុយកខ្វក់ដែលត្រូវបង្កើនការតាមដាន។ នេះជាឆ្នាំទី៣ហើយដែលស្ថាប័ននេះបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីនៃការព្រួយបារម្ភនេះ៕ 

ដោយ ៖ សហការី


ចែករំលែក៖