ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ចៀសឆ្ងាយពីគ្រឿងញៀន។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធនឹងការពង្រឹងយន្តការជាប្រព័ន្ធពីថ្នាក់រាជធានី-ខេត្ត ដល់ថ្នាក់ក្រុង ខណ្ឌ ស្រុក និងឃុំ/សង្កាត់ គឺជាការងារចាំបាច់ និងត្រូវតែធ្វើឱ្យបាន ព្រោះថា បើគ្មានយន្តការត្រឹមត្រូវ និងច្បាស់លាស់ទេនោះ ការដឹកនាំ គ្រប់គ្រង និងដូចជាការផ្តល់សេវាផ្សេងៗក៏មានការលំបាក និងពុំមានប្រសិទ្ធភាពដែរ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បន្ថែមលើការពង្រឹងយន្តការ ពិសេសយន្តការសម្រាប់ជួយផ្តល់ការសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា។ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំ និងតម្រង់ទិស ដូចជា ការជួបប្រជុំ ការរៀបចំឯកសារគោលពាក់ព័ន្ធសំខាន់ៗ ការចុះតាមដាន និងវាយតម្លៃ»។
សម្ដេចក្រឡាហោម បានបន្ដថា ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមជ្ឈមណ្ឌលជាតិមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ក៏ដូចជា ការផ្តល់សេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរជាតិ មានសុក្រឹត្យភាព និងមានប្រសិទ្ធភាព ពិសេសមានភាពជឿជាក់ ដែលអាចទាក់ទាញឱ្យអ្នកញៀនគ្រឿងញៀន ឬក្រុមគ្រួសារ ចង់មកទទួល ឬចង់បញ្ជូនកូនចៅ ឱ្យមកទទួលការព្យាបាល និងស្តារនីតិសម្បទា។
សម្ដេចក្រឡាហោម បានបន្ថែមថា ជាមួយគ្នានេះ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏គួរធ្វើការពិនិត្យ និងដោះស្រាយឱ្យបាននូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបញ្ជូនអ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលកន្លងមកនេះ ច្រើនមានការមើលបំណាំគ្នា ច្រើនលើកយកបញ្ហាច្បាប់ធ្វើជារនាំង ដែលបញ្ហានេះ គួរត្រូវបានសម្រួល ពិសេសគួរត្រូវបានលើកទឹកចិត្តតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យមូលដ្ឋានមានលទ្ធភាព ក្នុងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទាទាំងនៅតាម សហគមន៍ នៅតាមមណ្ឌល បណ្តោះអាសន្ន និងនៅមជ្ឈមណ្ឌលជាតិ៕
ដោយ៖ សហការី