ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពី មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និង កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅ អាស៊ី(ICAPP) លើកទី៣៧ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងប្រាក សាធារណរដ្ឋឆេក គណៈកម្មាធិការ អចិន្ត្រៃយ៍ ICAPP បានសម្រេចជាឯកច្ឆ័ន្ធគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត លើកទី១២ របស់ ICAPP និងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅឆ្នាំ២០២៤ ខាងមុខ តាមពេលវេលាសមស្រប។

មហាសន្និបាតលើកទី១២ របស់ ICAPP នឹងរៀបចំបញ្ចូលគ្នានូវវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ របស់ ICAPP រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤១ វេទិកាស្ត្រលើកទី៨ វេទិកាយុវជនលើកទី៧ វេទិកាសារព័ត៌មានលើកទី៦ កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចលើកទី២ និងកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការអន្តរ ទីក្រុងនិងការលើកកម្ពស់ទេសចរណ៍លើកទី៣។ កិច្ចប្រជុំទាំងអស់នេះ នឹងក្លាយជាព្រឹត្តិការណ៍នៃការជួបជុំមហា គ្រួសារគណបក្សនយោបាយនៅអាស៊ីមួយ នៅព្រះរាជាណាចក្រកម្ពុជា។

គណបក្សប្រជាជនកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបផងដែរថា កម្ពុជាធ្លាប់ទទួលធ្វើ ជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៦ របស់ ICAPP កាលពីខែធ្នូ ឆ្នាំ២០១០ នៅភ្នំពេញ និងកិច្ចប្រជុំលើកទី១ របស់ ACC កាលពីខែមករា ឆ្នាំ២០១៩ នៅសៀមរាប និងកិច្ចប្រជុំលើកទី២ របស់ ACC តាមប្រព័ន្ធអ៊ុនតាណែត កាលពីខែមីនា ឆ្នាំ២០២១។

ទន្ទឹមពេលជាមួយមហាសន្និបាតលើកទី៦ របស់ ICAPP តាមរយៈកិច្ចព្រមព្រៀងទីក្រុងភ្នំពេញ អង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាល-អាស៊ីប៉ាស៊ីហ្វិក (CAPDI) ត្រូវបានបង្កើតឡើង ដែលក្នុងនោះសន្តិភាព ការអត់ឱន និងការផ្សះផ្សាគ្នា ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ CAPDI បានបោះឆ្នោតជ្រើសរើស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក – Fidel Ramos អតីតប្រធានាធិបតីហ្វីលីពិន ជាវីរៈប្រធាន លោក Yusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ជាប្រធាន និង លោក Jose De Venecia ប្រធានស្ថាបនិកអង្គការ ICAPP ប្រធានប្រតិបត្តិ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖