ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងចក្រ វ៉ានជៀហាវ កាត់ដេរសំលៀកបំពាក់នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានអគ្គិភ័យឆេះរោងចក្រ វ៉ានជៀហាវ កាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀងបង្កការភ្ញាក់ផ្អើលដល់កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខតំបន់សេដ្ឋកិច្ចពិសេស ឈីលូ អន្តរាគមន៍នាំគ្នាជួយបាញ់ពន្លត់អគ្គិភ័យរហូតគ្រប់គ្រងស្ថានការណ៍បានទើបរលត់ទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ  ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតឿ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចុះដល់កន្លែងកើតហេតុធ្វើការពន្លត់ទាន់ពេលវេលាប្រើប្រាស់ទឹកអស់ចំនួន២ឡានទឹកទើបរលត់ទាំងស្រុង។

ប្រភពបន្តថា ចំពោះសម្ភារដែលខូចខាតរួមមានឆេះគ្រឿងបន្លាស់ម៉ាស៊ីនដេរ,ឆេះរថយន្តមួយចំហៀង,ឆេះកំទេចកំណាត់មួយចំនួន។ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុដែលបង្កជាអគ្គិភ័យកើតឡើងបែបនេះ។

សូមបញ្ជាក់ថា ក្នុងករណីអគ្គិភ័យឆេះរោងចក្រវ៉ានជៀហាវនេះក៏ឃើញមានវត្តមាន លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងចុះមកអន្តរាគមន៍បញ្ជាផ្ទាល់ដោយមានកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងបុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្នុងការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលាហើយអាចគ្រប់គ្រងបានទាំងស្រុងមិនបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ និងមិនបណ្តាលឱ្យមានរងរបួសដល់មនុស្សនោះឡើយ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖