ព័ត៌មានទាន់ហេតុការណ៍៖

វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ បានដំណើរការបើកនៅសាលាពលទាហានទី៥ ក្រោមអធិបតីភាពមេបញ្ជាការរង កងទ័ពជើងគោក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក ។ 

បន្ទាប់ពី លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណះកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណះរដ្ឋមន្រ្តីបានមានចំណាប់អារម្មណ៍ស្តីពីការដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ និងគូសបញ្ជាក់ពីសារៈសំខាន់ចំពោះការងារកសិកម្មរួចមក អញ្ជើញមានប្រសាសន៏នៅក្នុងឱកាសនោះ លោក ចាន់ នន់វិទ្យា បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើកនាពេលនេះថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សនៃ ខ ភ ម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា បានមានប្រសាសន៍ថា ស្តិតក្រោមបរិយាកាសដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម និងពង្រីកធនធានកសិកម្ម ដោយបានផ្តល់ដីសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ យោធិនពិការ អតីយុទ្ធជន វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស និងបានដាក់ចេញគោលការណ៍ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់លំនៅដ្ឋាន និងថវិកា ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ហើយដែលកំពុងរៀបចំដំណើរការនាពេលនេះថាពិតជាបានចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ លើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ; លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណះកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណះរដ្ឋមន្រ្តី និងការរួមសហការពីនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៏កងទ័ពជើងគោក កងឯកភាពយោធភូមិភាគទី៥ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្នួនខ្ពស់ និងសហការគ្នារជាធ្លុងមួយស្វះស្វែងគ្រប់មធ្យោបាយ និងបង្កលក្ខណះគ្រប់យ៉ាងពីភាគីម្ចាស់សាមីអង្គភាពក្នុងការផ្តល់ទីតាំងរៀនសូត្រ ស្នាក់នៅ ដែលអាចឲ្យវគ្គជំនាញនេះបានដំណើរការបើកវគ្គហ្វឹកហ្វឺនទៅតាមការគ្រោងទុក ។  

លោក ចាន់ នន់វិទ្យា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំស្រាវជ្រាវឯកសារបន្ថែម គោរពវិន័យ គោរពពេលវេលារៀនសូត្រ មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាកស្តែង សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។

តាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឈន៍កងទ័ពជើងគោក បានឲ្យដឹងថា ៖ វគ្គសិក្សារៀនសូត្រជំនាញមូលដ្ឋានកសិកម្មមានរយះពេល ៦១ថ្ងៃ ចាប់បើកពីថ្ងៃទី២៧ ខែមិថ៧នា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ សិក្សាលើខ្លឹមសារមេរៀនរួមមាន ផ្នែកកសិកម្មមានៈ បណ្តុះផ្សិតចំបើង ផ្សិតអំបោះ , ការបង្កាត់ និងជ្រើសរើសពូជដំណាំ , របៀបដាំដំណាំស្វាយ ដូងក្រអូប ដាំបន្លែ  ការបង្កាត់ ការចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំ ចិញ្ចឹមត្រី  របៀបធ្វើជី EM  អប់រំចិត្តសាស្ត្រ និងយោធារួម ។ មានកម្មសិក្សាការីសរុបចំនួន ១០០នាក់ គ្រូយោធាចារ្យចំនួន ១០នាក់ មកពីអង្គភាពនៃយោធភូមិភាគទី៥ ។ ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះ ការិយាល័យអភិវឌ្ឍន៍កងទ៏ពជើងគោក បានដំណើរការបើកវគ្គកសិកម្មជូននាយទាហាន នាយទាហានរង និងពលទាហានបានចំនូន ២២វគ្គហើយ មានសិក្ខាកាមសរុបចំនួន ១, ៧៨០នាក់៕

ដោយ ៖ សហការី


ចែករំលែក៖