ភ្នំពេញ៖ បុរសម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ(PANDA)បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តម៉ាកព្រូសបើកបញ្ច្រាសទិសបុកពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុនម៉ាស្តា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញស្ត្រីម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបើករថយន្តToyota Prius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-6331ធ្វើដំណើរពីលិចទៅកើតដោយបើកបញ្ច្រាសទិសដៅចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1S-0471ជិះដោយបុរសម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ(PANDA)ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចំពីមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តនិងអ្នករួមដំណើរបានចុះពីលើរថយន្តហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ