ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយស្ត្រីបីនាក់ទៀតបើករថយន្ត Lexus IS- 250មួយគ្រឿងជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្ដាលឱ្យក្រឡាប់បោកផ្ទប់នឹងស្លាកប៉ាណូការាសសាំងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលអ្នកបើកបរឡំប្រឺតារងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខការាសសាំងមួយកន្លែងតាមបណ្ដោយផ្លូវ លេខ៣៧១ ជិតផ្សារប៉េសេ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្មាក់រួមដំណើរជាមួយស្ត្រីបីនាក់ទៀតបើករថយន្ត Lexus IS-250 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-9185តាមបណ្ដោយផ្លូវលេខ៣៧១ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើដោយបើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង1J-9041បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរនៅខាងមុខចំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យឡំប្រឺតារេចង្កូតមកខាងស្ដាំដៃក្រឡាប់បោកផ្ទប់នឹងស្លាកប៉ាណូការាសសាំងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ចំណែកអ្នកបើកបរឡំប្រឺតារងរបួសស្រាល។
ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាមធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ឡំប្រឺតានិងម្ចាស់ការាសសាំង ហើយក៏មានការព្រមព្រៀងគ្នាដោយខាងភាគីរថយន្ដបង្កហេតុបានចេញថ្លៃជួសជុលទៅឱ្យម្ចាស់ឡំប្រឺតានិងស្លាកប៉ាណូការាសសាំងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ