ព័ត៌មានទាន់ហេតុការណ៍៖

ណាតូទទួលស្គាល់ថាបានត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាមួយរុស្ស៊ីតាំងពីឆ្នាំ២០១៤

ចែករំលែក៖

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានទទួលស្គាល់ថា រាល់សកម្មភាពដាក់ពង្រាយកម្លាំងទាហាននិងអាវុធនៅតំបន់អឺរ៉ុបខាងកើត គឺជាការត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ។
បណ្តាញទូរទស្សន៍ RT បានដកស្រង់សម្តីលោក Jens Stoltenberg ដែលបានបញ្ជាក់នៅថ្ងៃទី២៩ខែមិថុនាថា អង្គការណាតូ បានបង្កើនការចំណាយប្រាក់ និងបញ្ជូនកម្លាំងទាហានទៅកាន់តំបន់អឺរ៉ុបខាងកើតតាំងពីឆ្នាំ២០១៤ ដើម្បីត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្ស៊ី។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅឯប្រទេសតួកម៉េនីស្ថាន (Turkmenistan) កាលពីថ្ងៃពុធសប្តាហ៍នេះថា គោលបំណងរបស់
រុស្ស៉ីនៅអ៊ុយក្រែនគឺមិនផ្លាស់ប្តូរនោះទេ។
លោក ពូទីន បានគូសបញ្ជាក់ថា «គ្មានអ្វីត្រូវផ្លាស់ប្តូរទេ, គោលដៅចុងក្រោយរបស់រុស្ស៉ី គឺរំដោះតំបន់ Donbass ដើម្បីការពារប្រជាជននិងបង្កើតលក្ខខណ្ឌដែលនឹងធានាសុវត្ថិភាពរបស់ប្រទេសរុស្ស៉ីផ្ទាល់។ ខណៈគោលដៅយើងនៅដដែល យុទ្ធសាស្រ្តដែលប្រើដើម្បីសម្រេចគោលដៅអាចនឹងផ្លាស់ប្តូរទៅតាមអ្វីដែលយោធាចាត់ទុកថាសមរម្យ»។ ទោះជាយ៉ាងណា លោកពូទីន នៅតែអះអាងថា «ប្រតិបត្តិការគឺដំណើរការទៅតាមផែនការដែលបានគ្រោងទុក»។
ដោយឡែកឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលថា NATO បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងជម្លោះនោះ លោកពូទីន និយាយថា វាមិនមែនជារឿងថ្មីទេសម្រាប់ទីក្រុងមូស្គូ។ រីឯបញ្ហាការចូលជាសមាជិកអង្គការ NATO របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ លោកពូទីន បញ្ជាក់ថា រុស្ស៉ីមិនមានបញ្ហាទឹកដីជាមួយប្រទេសទាំងពីរនោះឡើយ ប៉ុន្តែយើងនឹងធ្វើសកម្មភាពឆ្លើយតបប្រសិនបើទីក្រុងមូស្គូរងនូវការគំរាមកំហែងផ្នែកយោធា។
លោកប្រធានាធិបតីរុស្ស៉ី កំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានី (Ashgabat ប្រទេសតួកមេនីស្ថាន ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖