ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទ) នៅចំណុចមុខផ្សារខម៉ែល ផ្លូវលេខ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៦:៣០នាទី ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖
ទី១-ឈ្មោះ ជា សុវណ្ណប៉ូលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួននិងមានសារធាតុញៀន) ។
២-ឈ្មោះ ថុល វិសាល ហៅ សាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ៦៦ ផ្លូវលេខ១៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន)។
ទី៣-ឈ្មោះ ពិសិដ្ឋ ចំណាន ហៅ ពីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សុវាតគ្រិស្នា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់ ៖ ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូមេក ពណ៌ស្លែ មានស៊ីម(របស់ជនរងគ្រោះ) ។ ចំពោះសម្ភារបន្សល់ទុកមាន ម៉ូតូម៉ាកនិច ពណ៌សលាយលឿង ស៊េរីឆ្នាំ២០២១ លេខតួ 363928 +ម៉ាស៊ីន363670 ពាក់ស្លាកលេខ ភ្នំពេញ 1IN-8510(របស់ជនសង្ស័យឈ្មោះ ពិសិដ្ឋ ចំណាន), ម៉ូតូម៉ាកនិច ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២១ លេខតួ 64614+ម៉ាស៊ីន 4263 ពាក់ស្លាកលេខ ភ្នំពេញ 1IT-0492(របស់ជនសង្ស័យ) ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៦និង៣០នាទី មុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន០៩នាក់ចេញពីម្តុំការាសសាំង«ភីធីធី» ផ្លូវលេខ៣៧១(សង្កាត់អូរបែកក្អម) ដើម្បីរកធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិ និងសម្ភាររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ។ ពេលធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ពីទិសខាងកើតទៅទិសខាងលិច ពួកវាបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅតែម្នាក់ឯងពីទិសខាងលិចទៅទិសខាងកើត (បញ្ច្រាសទិសគ្នា) មានទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូមេក ពណ៌ស្លែ) ដោតខ្សែកាសជាប់នឹងទូរស័ព្ទដៃរបស់ជនរងគ្រោះទុកនៅក្នុងហោប៉ៅអាវក្រៅខាងមុខខាងឆ្វេង ភ្លាមនោះក្រុមជនសង្ស័យនាំគ្នាបើកម៉ូតូបត់ត្រឡប់ក្រោយដេញតាមពីក្រោយម៉ូតូជនរងគ្រោះទៅដល់ចំណុចមុខផ្សារខេម៉ែល(សង្កាត់អូរបែកក្អម) ក៏បើកម៉ូតូទៅអែបទន្ទឹមខាងឆ្វេងដៃម៉ូតូជនរងគ្រោះ រួចជនសង្ស័យបានយកដៃស្ដាំធ្វើសកម្មភាពលូកចាប់ឆក់ទាញយកខ្សែកាសនិងទូរស័ព្ទដៃពីក្នុងហោប៉ៅអាវជនរងគ្រោះបានសម្រេច ហើយជនសង្ស័យនិងបក្ខពួកបានបន្ថែមល្បឿនម៉ូតូទៅមុខគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកខ្លាំងថា« ចោរៗ» ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយជនសង្ស័យទៅដល់ចំណុចម្តុំការាសសាំងតេឡា ផ្លូវលេខ៣៧១(សង្កាត់អូរបែកក្អម) ម៉ូតូជនរងគ្រោះក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូជនសង្ស័យបណ្តាលម៉ូតូជនរងគ្រោះ និងម៉ូតូជនសង្ស័យដួលទៅលើផ្លូវ ជនរងគ្រោះរបួសដាច់រលាត់ស្បែកក្បាលជង្គង់ទាំងសងខាង និងកដៃខាងស្តាំ ហើយជនសង្ស័យត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន វាយទាត់ធាក់ ចំណែកជនសង្ស័យជាបក្ខពួកបានស្ទុះរត់គេចខ្លួន(យកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយ) និងបក្ខពួកជនសង្ស័យនាំគ្នាបើកម៉ូតូគេចខ្លួនបាត់ដែរ។ ស្របពេលនោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមល្បាតមកដល់បាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងម៉ូតូម៉ាកនិចពណ៌សលាយលឿង(មធ្យោបាយរបស់ជនសង្ស័យ) យកមកសាកសួរ និងជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងចោទប្រកាន់លើជនសង្ស័យ ។
សមត្ថកិច្ចបន្តទៀតថានៅពេលសាកសួរ ជនសង្ស័យបានសារភាពនូវសកម្មភាពរបស់ខ្លួននិងឈ្មោះបក្ខពួកទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅឃាត់ខ្លួនបានបក្ខពួកបន្ថែម២នាក់ទៀតរួមទាំងម៉ូតូម៉ាកនិច ពណ៌សលាយខៀវ(ជាមធ្យោបាយរបស់ជនសង្ស័យ) នៅតាមផ្លូវបេតុង(ខណ្ឌជ្រោយចង្វា) យកមកសាកសួរបន្ត ចំណែកបក្ខពួកជនសង្ស័យមួយចំនួនទៀតកំពុងគេចខ្លួន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងសាកសួរបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់តាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ