ខេត្តកំពង់ឆ្នាំង៖ មានមនុស្ស៣នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តធុនធំបើកទៅបុកឡំប្រឺតា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវត្តស្រះកែវ ត្រង់គីឡូម៉ែត្រលេខ១១១ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ទាំង៣នាក់នេះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាអ្នករស់នៅខេត្តត្បូងឃ្មុំ កំពង់ចាម និង កំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះឡំប្រឺតាក្នុងទិសដៅបញ្រ្ចាសគ្នាជាមួយរថយន្ត ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តបុកពេញមួយទំហឹងតែម្តង បណ្តាលឱ្យឡំប្រឺតាប៉ើងខ្ទាតក្រឡាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង២នាក់តែម្តង និងម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កហេតុបានបើករត់គេចបាត់ស្រមោលតែម្តង៕
ដោយ ៖ ចន្ថា