ព័ត៌មានទាន់ហេតុការណ៍៖

មានទំនាស់ពាក្យសម្តីគ្នានៅក្នុងវង់ផឹកសុីជនរងគ្រោះក្លាយជាជនល្មើសដោយសារប្រើសិទ្ធិការពារខ្លួនជ្រុលដៃ

ចែករំលែក៖

ខេត្តកណ្តាល៖ ២នាក់បងប្អូនឃើញជនបង្កហេតុម្នាក់ក្នុងវង់ផឹកសុីរត់ទៅយកកាំបិតផ្គាក់បម្រុងមកកាប់ខ្លួន ភ្លាមៗនោះអ្នកទាំងពីរនាក់ក៏ស្ទុះទៅចាប់ ហើយទ្រាំមិនបានក៏យកក្បាលទុយយោទឹកធ្វើពីដែកវាយសំពងទៅលើក្បាលជនបង្កហេតុនោះបណ្តាលឱ្យរយះក្បាលដេរ៣៧ថ្នេរកាលពីវេលាម៉ោង២០:៣០នាទីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

  ប្រភពពីកន្លែងកើតហេតុបានឱ្យដឺងថាជនរងរបួសដេរ៣៧ថ្នេរនោះឈ្មោះ ទៀង លីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

   ក្រោយពីកើតហេតុភ្លាមៗ នគរបាលមូលដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនដែលរងរបួសនោះទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ ហើយឈានដល់ការឃាត់ខ្លួនជនដៃដល់ទាំង២នាក់បងប្អូននោះយកទៅចាត់ការតាមច្បាប់។

   មន្ត្រីនគរបាលបានឱ្យដឹងថា ជនដៃដល់ទាំង២នាក់បងប្អូននោះទី១-ឈ្មោះ ជិន លាភ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មករសំណង់ និងទី២-ឈ្មោះ ជិន សំអាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់។  អ្នកទាំងពីរមានទីកន្លែងកំណើតភូមិសុភី ឃុំរតន: ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង បច្ចុប្បន្នៈស្នាក់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។  សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖

 ១-ក្បាលបូមទឹកធ្វើពីដែកចំនួន០១។

 ២-កាំបិតផ្គាក់ដងដែក ផ្លែដែកចំនួន០១ មានប្រវែង៦២Cmផ្លែប្រវែង៣២cm ដងប្រវែង៣០cm ទទឺងផ្លែទំហំ៥cm។

    ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃខែ ឆ្នាំវេលាម៉ោងដូចខាងលើមុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់បងប្អូនបង្កើតបានអង្គុយផឹកស្រាថ្នាំចំនួន០២លីត្រនៅក្នុងរោងចិញ្ចឹមត្រីជាមួយឪពុកបង្កើត។  លុះផឹកស្រាថ្នាំអស់ប្រហែល១លីត្រស្រាប់តែឃើញឈ្មោះ ទៀង លីន (ជនរងរបួស)ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ មិនចាំស៊េរី មិនចាំស្លាកលេខមកដល់កន្លែងដែលពួកគេកំពុងតែផឹក។ ឃើញដូច្នេះអ្នកកំពុងផឹកក៏ហៅឱ្យចូលផឹកស្រាថ្នាំជាមួយពួកលគេ ហើយជនដែលរងរបួសនោះក៏បានចូលអង្គុយផឹកស្រាថ្នាំជាមួយគ្នា ។ ផឹកអស់ស្រាថ្នាំក៏កើតជាទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមកជាមួយឈ្មោះ ជិន អុិត ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនដៃដល់ទាំងពីរនាក់ខាងលើ។ ឃើញដូច្នេះជនដៃដល់ទាំងពីរនាក់(ត្រូវជាកូន)ក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមក ភ្លាមនោះជនរងរបួសខឹងក៏ស្ទុះដើរចូលទៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនជិតនោះ ហើយបានទាញយកកាំបិតផ្គាក់ផ្លែដែក ដងដែកបម្រុងកាប់ទៅលើអ្នកទាំងពីរនាក់បងប្អូន។ តែមិនទាន់បានកាប់ផងស្រាប់តែអ្នកទាំងពីរនាក់បងប្អូនស្ទុះមកចាប់ក្រៀកជាប់ហើយជនសង្ស័យឈ្មោះជិន លាភ (ជនដៃដល់)បានយកក្បាលទុយយោបូមទឹកធ្វើពីដែកមកវ៉ៃទៅលើក្បាលជនដែលកាន់កាំបិតផ្គាក់នោះចំនួនពីរក្បាលទុយយោដែកបណ្តាលឱ្យបែកក្បាលហូរឈាមរងរបួសធ្ងន់។ បន្ទាប់មកត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដេរចំនួន៣៧ថ្នេរ។  រួចក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្តិ៍កំពង់ស្វាយ សហការជាមួយកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំងពីរបងប្អូនមកសួរនាំនៅប៉ុស្តិ៍កំពង់ស្វាយ។ នៅចំពោះមុខសមត្ថកិច្ចជនសង្សូ័យទាំងពីរនាក់បងប្អូនបានឆ្លើយសារភាពថាៈពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដោយចេតនាលើជនរងគ្រោះពិតប្រាកដមែន។

   ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖