ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្ត្ត្រី្នម្នាក់ធ្វើដំណើរថ្មើរជើងក្នុងទិសដៅពីជើងទៅក្បូងលើចិញ្ចើមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបានបើកបុកពីក្រោយបណ្ដាលឱ្យផ្លោងធ្លាក់ពីផ្លូវចូលព្រៃ (ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ) នៅចំណុចមុខផ្ទះលោកស្នងការចាស់ ក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ រីឯអ្នកបើកបររថយន្តបានបើករថយន្តគេចខ្លួនបាត់ (មិនស្គាល់អត្តសញ្ញាណ) ។
សមត្តកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍នៃស្នងការដ្ឋានខេត្តបានបន្តថា ស្ត្រីដែលធ្វើដំណើរថ្មើរជើងហើយទទួលគ្រោះថ្នាក់ចរាចរណ៍នោះគេស្គាល់ឈ្មោះ អិន រីយ៉ា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែង)។
សមត្តកិច្ចជំនាញបានបន្តទៀតថា ក្រោយពីបានពិនិត្យនិងធ្វើការវាស់វែងរួចសាកសពស្ត្រីត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារ រួចលើកដាក់លើរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបររថយន្តបុកស្ត្រីស្លាប់ខាងលើនេះ បានបើកបររថយន្តគេចបាត់ ភ្លាមៗ ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពុងតាមស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត