ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​អ្នកបើកឡាន​ចង្កូត​ស្តាំ បិទផ្លូវតវ៉ានៅ​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ មានក្រុម​អ្នក​បើកឡាន​ចង្កូត​ស្តាំ ជាច្រើន​នាក់ បាននាំគ្នា​យក​រថយន្ត​ចង្កូត​ស្ដាំ ជាច្រើន​គ្រឿង ទៅចត​បិទផ្លូវនៅ​ចំណុច​រង្វង់​មូល​កួរស្រូវ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ នេះ  ដើម្បី​តវ៉ា និង​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អនុគ្រោះ​ឲ្យ​ពួកគាត់បង់ពន្ធ​រថយន្ត​ចង្កូត​ស្ដាំដែល​កំពុង​ចរាចរណ៍​ក្នុងស្រុកដោយ​មិន​ចាំបាច់កែ​ចង្កូត​។​

សូមបញ្ជាក់ថា, បញ្ហាឡានចង្កូតស្តាំនេះ តម្រូវឱ្យបង់ពន្ធយូរហើយ ហេតុអីក៏មិនអនុវត្ត ដល់ពេលនេះដូចជាហួសពេលទៅហើយ ចំពោះការអនុគ្រោះ។ 

ចំពោះ ការត​វ៉ានៅថ្ងៃនេះ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង នៅត្រង់ចំណុច​ផ្លូវ​ប្រសព្វ​នោះ ។ ការតវ៉ា​បិទផ្លូវ ដោយ​ក្រុម​អ្នកបើករថយន្ត​ចង្កូត​ស្តាំខាងលើ រហូតមកដល់​វេលា​ម៉ោង ១១ ថ្ងៃ​ត្រង់នេះ ពួកគេ នៅ​មិនទាន់​រំសាយ​នៅឡើយ ។​

​ថ្មីៗ​នេះ ក្រុម​អ្នក​បើកឡាន​ចង្កូត​ស្តាំ ក៏​ធ្លាប់ធ្វើ​ការតវ៉ា​ផងដែរ ក្នុង​គោលបំណងសុំ​បង់ពន្ធ​ធម្មតា មិន​កែ​ចង្កូត​ពីស្តាំ មក​ឆ្ឆ្វេង ព្រោះពួកគេអះអាងថាពុំមានលទ្ធភាពខណៈជីវភាពក្នុងមុខរបរដឹកជញ្ជូនកំពុងជួបការលំបាក។

សូមជម្រាបជូនផងដែរថា, បញ្ហាកែចង្កូតរថយន្ត គួរតែខាងក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាស្ថាប័នគយនិងរដ្ឋាករ ពិនិត្យឱ្យបានច្បាស់លាស់ផង ខណៈក្រុមហ៊ុនខ្លះដែលមានអាជ្ញាប័ណ្ណអនុញ្ញាតឱ្យកែចង្កូត បែជាទទួលធ្វើមិនទាន់ ក៏ឲ្យទៅកន្លែងកែចង្កូតឯកជន រួចហើយមកទិញលិខិតបញ្ជាក់ពីក្រុមហ៊ុនដែលមានច្បាប់កែចង្កូត កើតមានជាហូរហែផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖