ភ្នំពេញ៖ ផ្ទុះកក្រើកជាថ្មីទៀតហើយរឿងប្រាក់ បន្ទាប់ពីគ្រូបង្វឹកកីឡាបាល់ទាត់ជនជាតិបរទេសឈ្មោះ Fernando Vitorino បានបង្ហោះសារដ៏ក្តៅគគុកមួយជុំវិញការខកខានមិនបានបើកប្រាក់បៀវត្សរ៍សម្រាប់ការបង្វឹកក្រុមកីឡាករបាល់ទាត់របស់ក្រុមកីឡាមហាហង្ស។ សារក្តៅគគុកនេះត្រូវបានទម្លាយស្របពេលដែលអគ្គនាយកផលិតកម្មមហាហង្សលោក អុិន សុភិន កំពុងដឹកនាំកញ្ញាឯកនិងបុរសឯកចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅប្រទេសប៉ូឡូញ។
គ្រូបង្វឹកបាល់ទាត់រូបនេះបានបង្ហោះសារមានខ្លឹមសារថា៖ សួស្តីមិត្តទាំងអស់គ្នា ខ្ញុំសូមចូលរួមសម្រាប់ខ្ញុំចំពោះមនុស្សម្នាក់ដែលហៅខ្លួនឯងថាកម្ពុជា ខ្ញុំរស់នៅកម្ពុជា៦ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីទេ តែឆ្នាំមុននេះខ្ញុំធ្វើការជាគ្រូបង្វឹកឱ្យក្រុមកីឡាមហាហង្ស ហើយម្នាក់នេះគឺលោក សុភិន បានសន្យាបើកប្រាក់ខែឱ្យខ្ញុំ។ ខ្ញុំធ្វើការរាល់ថ្ងៃមិនខ្វះការហ្វឹកហាត់ ហើយ៣ខែហើយដែលខ្ញុំអត់ទទួលបានប្រាក់ខែ។ ដូចដែលគ្រប់គ្នាដឹងថាខ្ញុំជាជនបរទេស ហើយខ្ញុំគ្មានវិធីរកប្រាក់ផ្សេងទេ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលរឿងនេះមិនធ្លាប់មានក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមានឪពុកឈឺ និងប្រពន្ធដែលត្រូវការថ្នាំប្រចាំថ្ងៃ ប្រាក់ខែនេះខ្ញុំត្រូវការ បើអ្នកណាអាចជួយខ្ញុំបាន។ .លោក សុភិន សន្យា២ខែ បើកប្រាក់ខែ៣ខែ ។ បើមានអ្នកណាអាចជួយខ្ញុំបានលោកសុភិនបើកប្រាក់ខែ៣ខែប្រាប់ខ្ញុំផង អរគុណ។ អត់មានលុយបើកប្រាក់ខែទេ ពេលនេះខ្ញុំរង់ចាំ៤ខែហើយ។ អ្នកមិនមែនជាតំណាងប្រជាជនកម្ពុជាទេ ភ្ជាប់ដោយសារនេះគឺជាលេខគណនីធនាគារបស់លោកផ្ទាល់ផងដែរ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើប្រាក់សរុបដែលត្រូវបានគ្រូបង្វឹករូបនេះខកខានក្នុងការទទួលបានគឺមានចំនួនប៉ុន្មាននោះឡើយ។
សារនេះបានបង្កើតឱ្យមានការចែករំលែកព្រោងព្រាតអមដោយការបញ្ចេញមតិចម្រុះជាច្រើនដែលភាគច្រើនសម្តែងការសោកស្តាយដែលពួកគេបានទទួលដំណឹងមួយនេះ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់លម្អិតបាននៅឡើយទេពីលោកអុិន សុភិននៅមុននេះ ដោយលោកបានតបតាមសារអេឡិចត្រូនិកដោយខ្លីថា លោកមិនតប លោកមិនចង់រឿងច្រើនទេ ការងារលោកច្រើន ហើយដើម្បីសង្គមពេលនេះលោកនៅបាងកកជូន Mister Snd Miss Supranational Cmaobodia មកយកវីសាទៅប៉ូឡូញយប់នេះហើយ។ ទោះជាយ៉ាងណាក្នុងចំណោមអ្នកដែលបានចូលទៅបញ្ចេញយោបល់នៅលើការបង្ហោះខាងលើ គេក៏សង្កេតឃើញមានការបញ្ចេញយោបល់របស់លោក អុិន សុភិនដែរ ដែលស្នើឱ្យគ្រូបង្វឹករូបនេះមកជួបជាមួយប៉ូលិសដើម្បីដោះស្រាយ។ ជាមួយគ្នានេះដែរ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកក៏បានធ្វើការប្រកាសដែរថា ជនបរទេសម្នាក់នេះចូលចិត្តមករំខានក្នុងការងាររបស់លោក ហើយលោកបញ្ជាក់ថា គាត់គឺជាជនបរទេសម្នាក់បោកប្រាស់សេចក្តីទុកចិត្តរបស់ក្រុមការងារ ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងរឿងលុយកាក់ដែរ ហើយលោកបានហៅជននេះមកជួបប៉ូលិសតែគាត់មិនមកជួបទេ។ លោកថែមទាំងបញ្ជាក់បន្ថែមទៀតថា បើជួបជនបរទេសម្នាក់នេះនៅកន្លែងណាសូមជួយផ្តល់ព័ត៌មានតាមរយៈតេឡេក្រាមលេខ 012 222 114 ដែលលោកកំពុងតែរកមុខ៕
ដោយ ៖ វឌ្ឍនា