ភ្នំពេញ ៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបចំ «យុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិត» ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជាការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។
យុទ្ធនាការនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ព្រមទាំងអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់តំណាងចែកចាយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងមន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។
ក្នុងឱកាសនោះ លោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ បានថ្លែងដោយក្តីសោមនស្សរីករាយ និងរំភើបជាទីបំផុតដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នាថ្ងៃនេះ ដោយមានការសហការ និងគាំទ្រពីកាកបាទក្រហមកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញអត្រានៃការបរិច្ចាគឈាមនៅក្នុងប្រទេសយើងកាន់តែមានកំណើនជាងមុន។ ទន្ទឹមនឹងនេះ លោកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ធ្វើជាទីតាំងសម្រាប់ប្រារព្ធយុទ្ធនាការក្នុងថ្ងៃនេះ។
ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ លោកវេជ្ជបណ្ឌិត បានថ្លែងបន្តថា «យុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិត ថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ ៖ ទី១. បង្កើតទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់យុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនាអ្វីឡើយ។ ទី២. ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គម។»
ថ្លែងក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិត នាឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ក្នុងការជួយសង្គ្រោះដល់អាយុជីវិតរបស់អ្នកជំងឺ ឬអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗដែលត្រូវការឈាមជាបន្ទាន់។ លោកស្រី បានលើកឡើងថា ៖ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា តែងតែធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ បំផុសឱ្យមានការស្ម័គ្រចិត្តផ្តល់ឈាមចាប់តាំងពីឆ្នាំ២០០៣រៀងមក និងចូលរួមធ្វេីយុទ្ធនាការផ្តល់ឈាមនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលមានយុវជនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវ បានគូសបញ្ជាក់ថា «ឈាមគឺជាអំណោយដ៏ឧត្តុង្គឧត្តមណាស់ ដែលក្នុងមួយជីវិតនេះយើងបានផ្តល់ឈាម ១ដង ២ដង ឬច្រើនដង គឺយើងទទួលបានបុណ្យ បានកុសលជាប់នៅក្នុងចិត្តជានិច្ច ហើយបុណ្យកុសលនេះនឹងបានត្រឡប់មកយើងវិញនៅពេលដែលយើងត្រូវការឈាមនៅថ្ងៃមុខ។» លោកជំទាវអគ្គលេខាធិការ បានឧទ្ទិសឱ្យយុទ្ធនាការផ្តល់ឈាមសង្គ្រោះជីវិតនាថ្ងៃនេះ ទទួលបានជោគជ័យជារៀងដរាបតទៅ ហើយសូមឱ្យអត្រានៃអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមសម្រេចដល់គោលដៅ ធ្វើយ៉ាងណាឱ្យមានឈាមស្តុកគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជន ដោយមិនឱ្យនរណាម្នាក់ស្លាប់ដោយសារខ្វះឈាម ឬយកថវិកាទៅទិញឈាមឡើយ។
សូមបញ្ជាក់ថា យុទ្ធនាការខាងលើនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយសម្រាប់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ បានទទួលកាដូអនុស្សាវរីយ៍ ១កន្ត្រក ពីក្រុមហ៊ុនផងដែរ។
សូមជម្រាបជូនថា សម្រាប់អ្នកបរិច្ចាគឈាមដោយទៀងទាត់គ្រប់រូប នឹងទទួលបានអត្ថប្រយោជន៍ពីការបរិច្ចាគឈាមសម្រាប់អ្នកដទៃ គឺការជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់ និងសម្រាប់ខ្លួនឯងផ្ទាល់ មានដូចជា ៖ ការត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួនដោយឥតបង់ថ្លៃ, កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត, កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល, កាត់បន្ថយកំហាប់ឈាមនិងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែង, ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់ជាដើម៕
ដោយ ៖ សិលា