ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះបង្កាន់ដៃជាប់របងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលឱ្យរថយន្តដាច់កង់មុខ តែសំណាងល្អដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបង្កឱ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកLexus RX300 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2D-7252 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កាន់ដៃជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញពេញទំហឹងបណ្តាលឱ្យបាក់ទ្រេត ចំណែករថយន្តបង្កវិញបានដាច់កង់មុខខាងស្តាំផ្លោងទៅមុខជាច្រើនម៉ែត្រ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ