ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូមកឈប់ចតចូលទៅទិញកូនជ្រូកសន្សំលុយឱ្យប្អូនដើម្បីជាកាដូក្នុងថ្ងៃខួបកំណើត នៅខាងមុខហាងលក់ទំនិញ២៥០០៛ ហើយចេញមកវិញស្រាប់តែត្រូវចោរលួចម៉ូតូយកទៅបាត់។
ហេតុការណ៌នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចហាងលក់ទំនិញ២៥០០៛ យីហោ “វណ្ណនីតា” មានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសម្តីជនរងគ្រោះដែលមានឈ្មោះ ជុំ សុវណ្ណារ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IX-1152 ទៅឈប់ចតនៅខាងមុខហាងលក់ទំនិញ២៥០០៛ ដោយចាក់សោកទុកត្រឹមត្រូវ និងមានសន្តិសុខអង្គុយយាមនៅខាងមុខហាងផងដែរ ដើម្បីចូលទៅទិញកូនជ្រូកសន្សំលុយមួយទុកធ្វើជាកាដូថ្ងៃខួបកំណើតប្អូន ។
បុរសរងគ្រោះបន្តថា លុះចូលទៅទិញកូនជ្រូកប្រហែល៨នាទីក្រោយមក រូបគាត់ក៏បានចេញមកវិញស្រាប់តែមិនឃើញម៉ូតូ ហើយគាត់ក៏បានសួរទៅសន្តិសុខយាមហាងនោះ តែសន្តិសុខហាងរូបនោះឆ្លើយថា គាត់មិនដឹងទេ។ ភ្លាមនោះក៏មានម្ចាស់ហាងបានមកដល់ រួចក៏បានឱ្យបុគ្គលិកបិទហាងតែម្តងដោយមិនមានការដោះស្រាយអ្វីជាមួយជនរងគ្រោះនោះទេ។
បន្ទាប់ពីកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សួរនាំ និងដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ជ្រោយពេជ្រ