ភ្នំពេញ ៖ អង្គភាព នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងថា, ក្រុមហ៊ុន Apple កំពុងតែធ្វើការតាមដានទាក់ទងនឹងបញ្ហាដែលអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា iPad mini 6 របស់ពួកគេឈប់សាកថ្ម បន្ទាប់ពីត្រូវបានធ្វើបច្ចុប្បន្នភាពទៅ iPadOS 15.5 នេះបើយោងតាម ឯកសារដែលបានផ្ញើទៅឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មជួសជុលឧបករណ៍របស់ក្រុមហ៊ុន Apple។
នៅក្នុងឯកសារ ក្រុមហ៊ុនបានណែនាំទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មជួសជុលធ្វើការបិទបើកឧបករណ៍ដើម្បីដោះស្រាយបញ្ហាជាបណ្ដោះអាសន្ន ខណៈដែលក្រុមហ៊ុនកំពុងតែធ្វើការស្រាវជ្រាវនិងកែសម្រួលបញ្ហានេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ទៀតដែរថា ការផ្លាស់ប្ដូរឧបករណ៍ ឬប្ដូរថ្មនឹងមិនដោះស្រាយបញ្ហានេះទេ។ ដូច្នេះវាគឺជាបញ្ហាដែលទាក់ទងទៅនឹងភាពចន្លោះប្រហោងរបស់កម្មវិធីដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iPadOS 15.5។
អង្គភាព នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃ អគ្គស្នងការនគរបាលជាតិ បានបន្តថា, ដូច្នេះដើម្បីចៀសវាងពីបញ្ហានេះ អ្នកប្រើប្រាស់គួរតែពន្យារពេលធ្វើបច្ចុប្បន្នភាពកម្មវិធី iPadOS សម្រាប់ iPad mini 6។ ម៉្យាងវិញទៀតលោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរការកំណត់របស់ឧបករណ៍ ដើម្បីកុំឱ្យវាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ដោយចូលទៅក្នុង Settings > General > Software Update > ហើយបិទ Automatic Updates៕
ដោយ ៖ សិលា