ប្រភពព័ត៌មានពីក្រសួងការពារជាតិស្រីលង្កា នៅថ្ងៃទី៩ខែកក្កដា បានប្រកាសថា ប្រធានាធិបតី Gotabaya Rajapaksa បានភៀសខ្លួនចេញពីភូមិគ្រឹះរបស់លោកទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពេលក្រុមបាតុករឡោមព័ទ្ធភូមិគ្រឹះរបស់លោកក្នុងរដ្ឋធានីកូឡុំប៊ូ។
ព័ត៌មានខាងលើកើតឡើងក្រោយពេលដែលមានបាតុកររាប់ពាន់នាក់ធ្វើបាតុកម្មបង្ហាញពីការខឹងសម្បាយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលមិនអាចការពារពលរដ្ឋរួចផុតពីវិបត្តិសេដ្ឋកិច្ចបាន។ ក្រុមបាតុករបានដង្ហែក្បួនបាតុកម្ម នៅតាមទីតាំងសំខាន់ៗរបស់រដ្ឋ រួមទាំងផ្ទះរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ។
សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិស្រីលង្កាដែលប្រកាសថា «ប្រធានាធិបតីត្រូវបានការពារជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ កម្លាំងទាហាន បានបាញ់ទៅលើអាកាសដើម្បីព្រមានដល់ក្រុមបាតុករ រារាំងសម្រុកចូល
ភូមិគ្រិះរបស់ប្រធានាធិបតី។
សារព័ត៌មានរ៉យទ័របានផ្សាយថា បាតុករមួយចំនួនបានកាន់ទង់ជាតិស្រីលង្កា ពាក់មួកការពារ សម្រុកចូលវិមានប្រធានាធិបតី។
ប្រទេសស្រីលង្កា មានពលរដ្ឋ២២លាននាក់ត្រូវប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ កង្វះប្រាក់ដុល្លារដើម្បីនាំចូលទំនិញពីក្រៅប្រទេស ក្នុងនោះមានស្បៀងអាហារ ថ្នាំសង្កូវ។វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យសាលារៀនត្រូវបិទទ្វារផងដែរ ៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)