ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់ត្នោតចំនួន៣ម៉ឺនគ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកមកដាំតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២២ នេះ ដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកគ្រាប់ត្នោតដាំតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងគោលបំណងរក្សាបាននូវបូរណៈភាពទឹកដី ជាប្រយោជន៍សម្រាប់កូនចៅជំនាន់បានដឹង បានស្គាល់ និងចេះស្រឡាញ់អ្វីដែលជាអត្តសញ្ញាណជាតិ។

លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការដាំដើមត្នោតនេះ គឺ ដោយ មានការចង្អុលបង្ហាញពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងផ្តួចផ្តើមគំនិតដោយមន្ទីរអភិវឌ្ឍន៍ជនបទបានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបីប្រភេទ។

លោក បញ្ជាក់ថា÷ គ្រាប់ត្នោតដាំតាមបណ្តោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ មានចំនួន ០៦លើក ដោយលើកទី១ ឆ្នាំ២០១៦ ដាំគ្រាប់ពូជត្នោត ១១.៥០០ គ្រាប់, លើកទី២ ឆ្នាំ ២០១៧ ចំនួន ១០.០០០ គ្រាប់ និងលើកទី៣ ឆ្នាំ២០១៨ មានគ្រាប់ពូជត្នោត ២៥.០០០គ្រាប់ និងលើកទី៤ ឆ្នាំ២០១៩ មានចំនួន ៣០.០០០ គ្រាប់ និង លើកទី៥ មានចំនួន ១០០.០០០គ្រាប់ និង លើកទី៦ នេះ មានគ្រាប់ពូជត្នោត ចំនួន ៣០.០០០ គ្រាប់ ។

លោក ស្វាយ សំអ៊ាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា ដើម​ត្នោត​ជា​រុក្ខជាតិ​ដែល​ផ្តល់​នូវ​គុណ សម្បត្តិ​ច្រើន​យ៉ាង​ដល់​ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមក និងជានិមិត្ត សញ្ញាតំណាងអត្តសញ្ញាណជាតិដួង​ប្រ​លឹ​ង​ជាតិ ដែល​ប្រជាជន​ខ្មែរ​សម្គាល់​ភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមក​ដល់​បច្ចុប្បន្ន ។

លោកអភិបាលខេត្តបានបន្តទៀតថា សកម្មភាព​ដាំ​ដើម​ត្នោត​នា​ថ្ងៃនេះ គឺជា​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​ ដើម្បីថែរក្សាអត្តសញ្ញាណជាតិ ដួង​ប្រ​លឹ​ង​ជាតិ ការពារ​អធិបតេយ្យភាព​ជាតិ និង​បំផុស​ផ្នត់គំនិត​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ និង​ដួង​ព្រលឹង​ជាតិ​របស់​ខ្លួន  ពិសេសបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន។

សូមបញ្ជាក់ថាការដាំគ្រាប់ពូជត្នោតលើកទី០៦នេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចដាំ តាមបណ្តោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ០៤២ ទៅបង្គោលព្រំដែនលេខ០៤៩ ៕

ដោយ៖ សូរិយា


ចែករំលែក៖