ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួមដំណើរដោយអ្នកតំណាងរាស្រ្ត សមាជិក សមាជិកា ចុះជួយឃុំសង្កែសាទប និងក្រុមការងារចុះជួយខេត្តជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើមនៃពិធីសំណេះសំណាលនេះ លោក កង សូសាទី ប្រធានក្រុមការងារគណបក្សចុះជួយឃុំសង្កែសាទប បានធ្វើរបាយការណ៍ពីសកម្មភាពការងារ និងលទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនោះដែរ លោក ណន សារុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែសាទប ស្រុកឱរ៉ាល់បានមានមតិសំណេះសំណាល និងបង្ហាញអោយឃើញពីភាពរឹងមាំស្វាហាប់នៃការសាមគ្គីភាពរបស់សមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តការងារដោយយកចិត្តទុកដាក់ ហើយលោកបានបន្ថែមទៀតថា«ការអនុវត្តការងារកន្លងទៅគឺក្រុមការងារធ្វើឡើងដោយយកបេះដូងមកអនុវត្ត»
នាឱកាសដែលពោរពេញដោយសេចក្ដីសោមន្សរីករាយនេះ លោក ហ៊ុន ម៉ានី បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់ក្រុមគ្រួសារគណបក្សទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា និងទទួលបានជ័យជំនះរួមគ្នា។ បន្ថែមលើប្រសាសន៍ខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា «ភាពជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកមិនមែនសម្រេចបានដោយឯកឯងនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយបក្ស និងអាជ្ញាធរមូលដ្ឋានដែលបានគៀរគរបញ្ញាវ័ន្ត រួមគ្នាអភិវឌ្ឍន៍ និងផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋដែលធ្វើអោយយើងសម្រេចបានភាពជោគជ័យនាពេលនេះ»។
គួរបញ្ជាក់ដែរ កម្មវិធីនាព្រឹកនេះបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ក្រោមស្នាមញញឹមដែលពោរពេញទៅដោយភាពជឿជាក់ និងសាមគ្គីភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមអបអរសាទរដល់ជ័យជំនះដែលទទួលបាននៅក្នុងថ្ងៃនេះ ៕
ដោយ ៖ សហការី