ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងបន្ថែម បញ្ជាក់ថាបណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធ ទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគ ខាងក្រោមកម្ពុជា ផងនោះ បានធ្វើឲ្យ បណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្នុងនោះ នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាច ធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹក ភ្លៀង ។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

អាស័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ។ ក្រសួង ធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិហើយនិងជម្រាបជូន ជាព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមានការប្រែប្រួល៕

ដោយ៖ សិលា


ចែករំលែក៖