ភ្នំពេញ ៖ មានលុយច្រើនតែមិនព្រមសងគេ បង្កើតតែគំនិតទុច្ចរិត ទើបព្រះរាជអាជ្ញាលោក ច្រឹង ខ្មៅ ចេញដីកាបញ្ជាឱ្យបុគ្គលឈ្មោះ មីន ម៉េត ចូលខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយសរុបទឹកប្រាក់ជិត៣០ម៉ឺនដុល្លារដែលគេសង្ស័យថា ជននេះកំពុងរកខ្សែអន្តរាគមន៍ ប៉ុន្តែច្បាប់គឺច្បាប់ អ្នកប្រព្រឹត្តបទល្មើសអី អ្នកត្រូវទទួលទោសទណ្ឌតាមបទល្មើសនោះ។
សូមបញ្ជាក់ថា៖ បើតាមដីកាដែលអង្គភាពព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គឺលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មោះ មីន ម៉េត ភេទប្រុស ចូលខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកស្អុយសរុបទឹកប្រាក់ជិត៣០ម៉ឺនដុល្លារ។
ព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានបញ្ជាក់នៅក្នុងដីកាដែលចេញលើកទី២ របស់ខ្លួនយ៉ាងដូច្នេះថា «បញ្ជាឈ្មោះ មីន ម៉េត ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៨៤, ៨៦, ៨៨, ៩០, ៩២, ៩៤, ៩៦, ៩៨, ១០០, ១០២ ផ្លូវលេខ៣១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យចូលបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យបានមុនថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្ដឹងរបស់ឈ្មោះ ទុយ សុជាត្តា»។
សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅ លោក ច្រឹង ខ្មៅ ក៏ធ្លាប់បានចេញដីកាដូចគ្នានេះ ទៅលើឈ្មោះ មីន ម៉េត ម្ដងរួចមកហើយ ប៉ុន្ដែឈ្មោះនេះមិនអនុវត្តតាមដីការបស់តុលាការនោះទេ។
នៅក្នុងកិច្ចសន្យាខ្ចីប្រាក់បានឱ្យដឹងថា បុគ្គលឈ្មោះ មីន ម៉េត បានខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣លើក ដោយលើកទី១ ធ្វើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន១០៣,៥០០ដុល្លារ, លើកទី២ធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១មាន ទឹកប្រាក់ចំនួន៥៩,៣២៥ដុល្លារ និងលើកទី៣ធ្វើនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន១២៩,៨២៤ដុល្លារ។
ក្រោយមកឈ្មោះ មីន ម៉េត បានសងត្រឡប់មកវិញដោយចេញសែកចំនួន៣សន្លឹក លើកទី១ចេញនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១ចំនួន១០៣,៥០០ដុល្លារ, លើកទី២ចេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥៩,៣២៥ដុល្លារ និងលើកទី៣ ចេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ចំនួន១២៩,៨២៤ដុល្លារ ប៉ុន្ដែនៅពេលជនរងគ្រោះទៅបើកប្រាក់ សែកនោះគ្មានលុយនោះទេ មានន័យថា សែកស្អុយ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង។
ប្រភពច្បាស់ការណ៍បានបញ្ជាក់ថា មីន ម៉េត ដែលចេញសែកស្អុយនេះ គាត់មានលុយច្រើនផងដែរ តែគាត់បង្កើតគំនិតទុច្ចរិត មិនដឹងថាគាត់ខ្លាចច្បាប់ ឬត្រូវអាងលើខ្សែណានោះទេ ៕
ដោយ ៖ សុខ ខេមរា