ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និង​សារព័ត៌មាន​មួយដែលផ្សាយថា៖​ លោក​អធិការនគរបាលស្រុកអង្គស្នួល​ អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង

ចែករំលែក៖

ខេត្ត​កណ្តាល​៖​​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និង​បណ្តាញសារព័ត៌មាន​ BDN TV Online​ ដែលបានបង្ហោះផ្សព្វផ្សាយ មានចំជេីងថា៖​ លោក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបករណីខាងលើ។

ជាលទ្ធផល៖

នៅថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២២ លោកអធិការ បញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និង​កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដឹកនាំដោយផ្ទាល់ដោយ លោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងផ្នែកនគរបាលយុត្តិធម៌ស្រុក​ បានចុះធ្វេីការស៊េីបអង្កេត ស្រាវជ្រាវទៅដល់ទីតាំងផ្ទះចំនួនបី រួមមាន៖

១-ឈ្មោះ កង ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

*មានលិខិតបញ្ជាក់នីតិភាព របស់ក្រុមហ៊ុន ភីអេចវិស៊ីធី អេ2888 ឯ.ក (PHVCT co. LTD ឡូតូ8888) លេខ១១៥៩/២២ អ.គ.ល.ក ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២ ។

២-ឈ្មោះ ម៉ិញ សុខា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

៣-ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

*មានលិខិតបញ្ជាក់នីតិភាព របស់ក្រុមហ៊ុន ភីអេចវិស៊ីធី អេ2888 ឯ.ក (PHVCT co. LTD ឡូតូ8888) លេខ១១៥៩/២២ អ.គ.ល.ក ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២ ។

ករណីនេះ តាមការពិនិត្យជាក់ស្តែងឃើញថា នៅទីតាំងទាំងបីខាងលើ មិនឃើញមានការលេងល្បែងស៊ីសងខុសច្បាប់ឡើយ។ 

ជាចំណាត់ការ៖ សមត្ថកិច្ចជំនាញស្រុក បានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងខាងលើ តាមនីតិវិធីច្បាប់​ និងដាក់កម្លាំងឃ្លាំមេីលបេីក្នុងករណីល្មេីសពីកិច្ចសន្យា​ សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ និងកុំមានការភាន់ច្រឡំ៕

ដោយ​៖សហការី​


ចែករំលែក៖