ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុប្រគល់ផ្ទះនិងចែកអំណោយជូនប្រជាពលរដ្ឋ៣គ្រួសារ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក  ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោយលោក លៀម សុដា អភិបាល រង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងលោកគួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ បានអញ្ជើញជាប្រធានកិត្តិយសក្នុងពិធីប្រគល់ផ្ទះ និងចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដែលទទួលរងគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយខ្យល់កន្ត្រាក់បណ្ដាលឱ្យដួលរលំផ្ទះទាំងស្រុង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិចាំស្រី និងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងចូលរួមអមដំណើរដោយលោក សៅ បុរីវឌ្ឍនៈ អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សីលា លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំកំពង់សីលា ដោយក្នុង ១ គ្រួសារទទួលបាន ÷

-អង្ករបាវ ២៥ គីឡូ

-ត្រីខ ១ យួរ

-ទឹកត្រី ១ យួរ

-មី ១ កេស 

-ម៉ាស់ ១ ប្រអប់

-ឃីត ១ កញ្ចប់

-កន្ទេល ១

-ថវិកា ១០ ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះលោក លៀម សុដា អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញចូលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទៅជូនប្រជាពលរដ្ឋឈ្មោះ ម៉ន ម៉េត ភេទ ប្រុស ដែលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរងរបួសបាក់ជើងខាងស្តាំធ្ងន់ធ្ងរហើយកំពុងសម្រាកព្យា បាលនៅផ្ទះដោយសារខ្វះខាតថវិកា ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ អំណោយរួមមាន ÷

-អង្ករបាវ ២៥ គីឡូ

-ត្រីខ ១ យួរ

-ទឹកត្រី ១ យួរ

-មី ១ កេស 

-ម៉ាស់ ១ ប្រអប់

-ឃីត ១ កញ្ចប់

-កន្ទេល ១

-ថវិកា ៣០ ម៉ឺនរៀល

ព្រមទាំងថវិការបស់សប្បុជនមួយចំនួនទៀតដូចខាងក្រោម ៖

-លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ថវិកា ១០ ម៉ឺនរៀល

-លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកកំពង់សិលា ថវិកា ២០ ម៉ឺនរៀល

-លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា  ថវិកា ៥ ម៉ឺនរៀល

-លោក ចេង ប៊ុនយ សមាជិកក្រុមប្រឹក្សាឃុំកំពង់សីលា ថវិកា ៥ ម៉ឺនរៀល ។

ក្រុមគ្រួសារជនរងគ្រោះបានសម្ដែងនូវអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន។

នេះជាការគិតគូរយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន៕

ដោយ៖ចន្ទ លីហ្សា

 


ចែករំលែក៖