ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលរៀបចំដោយក្រុមគ្រួសារ របស់លោក អាបេ នៅវត្ត Zojo-ji ទីក្រុងតូក្យូ

ចែករំលែក៖

ប្រទេសជប៉ុន ៖ នៅល្ងាចថ្ងៃទី១១  ខែកក្កដា ឆ្នាំ២០២២ លោក  ទុយ  រី  ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលរៀបចំដោយក្រុមគ្រួសារ របស់លោក អាបេ នៅវត្ត Zojo-ji ទីក្រុងតូក្យូ ។ នេះបើយោងតាមផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានពាំនាំនូវសាររំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពដោយផ្ទាល់តាមរយៈ លោក KISHI NOBUO រដ្ឋមន្រ្តីការពារជាតិជប៉ុន ដែលត្រូវជាប្អូនប្រុស របស់លោក អាបេ ផងដែរ ។

ក្តីស្រឡាញ់  និងការចងចាំ  នឹងស្ថិតនៅជាអមតៈ !!!

រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃនេះ។ លោក ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រលាញ់ របស់កម្ពុជា ហើយមរណភាពរបស់ លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏គួរឱ្យសោក សង្រេង មិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែង នូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់លោក ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន៕

ដោយ ៖ សិលា


ចែករំលែក៖