ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបណ្តាលឱ្យទ្រេតមួយដើម រីឯរថយន្តខូចខ្ទេចមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកFord Raptor ពណ៌ខ្មៅមួយគ្រឿង (បានដោះស្លាកលេខចេញក្រោយកើតហេតុ) ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវនិងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្តាលឱ្យទ្រេត ចំណែករថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកពិនិត្យ និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ