ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឱ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត !

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ឲ្យមេឃុំចៅសង្កាត់ បន្ដខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដើម្បីជោគជ័យលើការបោះឆ្នោតអាណត្តិបន្ដបន្ទាប់ទៀត កុំអោយពិបាកចេញញើសពេលឃោសនា។

លទ្ធផលបោះឆ្នោតផ្លូវការដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែងមេឃុំ ចៅសង្កាត់ ចំនួន១,៦៤៨នាក់, ជំទប់ទី១ ចំនួន១៦១៨នាក់ និងជំទប់ទី២ ចំនួន ២៦១នាក់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា , គណបក្សប្រជាជនកម្ពុជា មិនរង់ចាំដល់ពេលជិតបោះឆ្នោត ឬដល់ពេលឃោសនាទើបធ្វើសកម្មភាពនោះទេ ពោលគណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាពលរដ្ឋជានិច្ច។

ជាមួយនឹងជោគជ័យដែលទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ប្រតិបត្តិការ ពិសេសមេឃុំ ចៅសង្កាត់ ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយឆន្ទៈ និងការស្មោះត្រង់បន្ដទៀត ដើម្បីជោគជ័យនៅអាណត្តិក្រោយៗទៀត។

តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះនៅលើ Facebook លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា គោលនយោបាយល្អរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្សាភ្ជាប់ជាមួយប្រតិបត្តិការដែលល្អ មានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ មិនមែនប្រជាពលរដ្ឋគាំទ្រហើយ ជិះសេះលែងដៃនោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយល្អក៏ដោយដូចសម្ដេចមានប្រសាសន៍ចឹង ដើម្បីជោគជ័យបានត្រូវការប្រតិបត្តិការដែលមានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយនោះហើយគឺមន្ដ្រីមូលដ្ឋាន បើយើងដល់អ្នកប៉ះពាល់ផ្ទាល់មុនគេបំផុត គឺឃុំសង្កាត់ នេះឯង។ ឥលូវប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រហើយ គឺសូមបង្កើននូវការចូលរួម ពង្រឹងនូវការបម្រើប្រជាពលរដ្ឋកុំជិះសេះលែងដៃ ត្រូវបន្ដដើម្បី២០២៧យើងកុំឲ្យបែកញើស កុំឲ្យឆ្នាំ២០២៧យឺតពេល។ គណបក្សប្រជាជនកម្ពុជាឈ្នះ ហើយឈ្នះរហូតដោយសារយើងមិនចាំដល់ជិតបោះឆ្នោត ឬឃោសនាបានរៀបចំគគ្រឹកគគ្រែងនោះទេ គឺយើងធ្វើជាប់ជាប្រចាំ ដូច្នេះសូមបន្ដនូវគោលការណ៍ និងឆន្ទៈ នៅក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»។

សូមរំលឹកថា ជាមួយនឹងជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។

តាមរយៈជ័យជម្នះនេះ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋាន សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ៕

ដោយ ៖ សហការី


ចែករំលែក៖