ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួនរួចមក ។
ជនសង្ស័យឈ្មោះ យ៉ាវ ទី ភេទប្រុសអាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កាលពីវេលាម៉ោង២២យប់ថ្ងៃទី១០ ខែកកក្កដា ឆ្នាំ ២០២២ ជននេះបានលួចម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមរបស់ឈ្មោះ ណាត ស៊ីណា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិជាមួយគ្នា ខណៈដែលជនសង្ស័យចូលទៅសុំបារីម្ចាស់ម៉ូតូដែលកំពុងតែនៅក្នុងបន្ទប់ដើម្បីជក់ លុះពេលចេញមកវិញឃើញម៉ូតូនៅជិតឡធ្យូងក៏លួចយក ហើយត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែតឱ្យចាប់ឃាត់ខ្លួន ។
លោកនាយការិយាល័យបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយជននេះបានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូអាខ្មៅ(ណាត ស៊ីណា )នោះមែន។ ក្រោយពីលួចបានគេជិះទៅអគារថ្មី ហើយវេលាម៉ោងជិត២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ខ្លួនបានយកម៉ូតូនោះទៅលក់ឱ្យឈ្មោះ ណែត ភេទស្រីនិងប្តី (មិនស្គាល់កន្លែងស្នាក់នៅ) បានតម្លៃ១៥ម៉ឺនរៀល ហើយលុយដែលលក់ម៉ូតូបានគេទិញស្រាផឹកអស់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់បន្ថែមថា ដោយផ្អែកលើបណ្តឹងរបស់ម្ចាស់ម៉ូតូនិងចម្លើយសារភាព ជនសង្ស័យយ៉ាវ ទី នេះត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីហើយដែរ៕
ដោយ ៖ វណ្ណា