ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគេនទៀនវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន១១វត្ត ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១២  ខែកក្កដា  ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រីព្រមទាំង សហការី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្រ្តីរាជការ បានអញ្ជើញប្រគេន ទៀនវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន១១វត្ត ដែលមានទីតាំងនៅវត្តឥន្រ្ទីយសវរៈ (ហៅវត្តកំពង់ធំ)ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។

    ឆ្លៀតក្នុងឱកាសនោះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្រារព្វឡើងក្នុងគោលបំណងបង្ហាញពីការបំភ្លឺនៅបញ្ញាដល់ព្រះសង្ឃ ពិសេសគឺការរៀនសូត្ររបស់ព្រះសង្ឃនៅក្នុងវត្តអស់រយៈពេលបីខែពុំនិមន្តទៅណាបានឡើយ។ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្តពេលនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័ន មន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។  

      លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ពិធីបុណ្យនីមួយៗនៅតាមវត្តទាំងអស់ ត្រូវការចង្ហាន់និងគ្រឿងឧបភោគបរិភោគដែលប្រគេនដល់ព្រះសង្ឃសម្រាប់ឆាន់ឱ្យបានគ្រប់គ្រាន់ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មិនតែប៉ុណ្ណោះបានធ្វើឱ្យខឿនសេដ្ឋកិច្ច រីកចម្រើនរឹងមាំ រាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

     ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់គ្នាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅចាក់វ៉ាក់សាំងដុសជំរុញ ឱ្យបានគ្រប់គ្នាដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាលដល់សហគមន៍របស់បងប្អូន។

     សូមបញ្ជាក់ផងថា ក្នុងឱកាសនេះលោកអភិបាលខេត្ត ក៏បាននាំយកនូវ ទៀនវស្សា គ្រឿងឧបភោគនិងបច្ច័យមួយចំនួនប្រគេនក្នុង១វត្តទទួលបាន÷ អង្ករ  មី ទឹកសុទ្ធ ទឹកក្រូច និងសម្ភារៈមួយចំនួនទៀតផងដែរ ៕

ដោយ៖សហការី(កំពង់ធំ)


ចែករំលែក៖