ព័ត៌មានទាន់ហេតុការណ៍៖

លោកតាជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងវេលាថ្ងៃរសៀល។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ស្ថិតក្នុងភូមិអណ្ដូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះហែល ញែម  អាយុ៨០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអណ្ដូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ៥០ ពណ៌ស្លែ សេ៊រីឆ្នាំ១៩៨១ ពាក់ស្លាកលេខស្វាយរៀង១B-៦៨៥៥ រងការខូចខាតយ៉ាងដំណំ។

    ចំណែកអ្នកបើករថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះយ៉ាន សុផេង  អាយុ២៦ឆ្នាំ មុខរបរបើកបរ និងអ្នករួមដំណើរជាប្រពន្ធមានឈ្មោះ ញាណ នីតា  អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រែកត្បូង ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ៥០ ពណ៌ស្លែ សេ៊រីឆ្នាំ១៩៨១ ពាក់ស្លាកលេខស្វាយរៀង១B-៦៨៥៥ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយមិនបានពាក់មួកសុវត្ថិភាពទេ ហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងម៉ាកតូយូ៉តា តាកូម៉ា ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង ២A-៤៥៤៦ដែលបើកក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃរសៀល។

    សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងធ្វើការវាស់វែងព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្ដយកមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖