សមាគមបាល់ទាត់ប្រទេសអេហ្ស៊ីបបានតែងតាំងអតីតគ្រូបង្វឹកក្រុម Benfica លោក Rui Vitoria ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិបុរសរបស់ខ្លួន។
បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៥២ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ និងបន្តស្នងតំណែងពីលោក Ehab Galal ដែលត្រូវបានបណ្តេញចេញពីតំណែងក្រុមជម្រើសជាតិអេហ្ស៊ីបកាលពីខែមិថុនា បន្ទាប់ពីដឹកនាំបានត្រឹមតែ៣ប្រកួតប៉ុណ្ណោះ។
ការដឹកនាំរយៈពេលខ្លីរបស់លោក Galal រួមបញ្ចូលការបរាជ័យក្រោមស្នាដៃរបស់ក្រុមអេត្យូពីនៅពេលចាប់ផ្តើមវគ្គជម្រុះសម្រាប់ពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣។
លោក Vitoria គឺជាគ្រូបង្វឹកទី៣របស់អេហ្ស៊ីបនៅឆ្នាំនេះ ហើយនឹងទទួលភារកិច្ចក្នុងការស្ដារការប្រជែងតំណែងជើងឯកអាហ្វ្រិក៧សម័យរបស់អេហ្ស៊ីបក្នុងចំណោមក្រុមកំពូលៗរបស់ទ្វីបបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងការប្រជែងកៅអីទៅកាន់ World Cup នៅប្រទេសកាតានៅឆ្នាំនេះ។
កិច្ចសន្យារបស់មិត្តរួមជាតិ Carlos Queiroz មិនត្រូវបានបន្តទេ បន្ទាប់ពីអេហ្ស៊ីបដែលបានជាប់ចំណាត់ថ្នាក់លេខ២នៅ Nations Cup វគ្គផ្តាច់ព្រ័ត្រកាលពីខែកុម្ភៈ និងចាញ់ក្រុមសេណេហ្គាល់ដោយបាល់កាត់សេចក្តីបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះ World Cup កាលពីខែមីនា។
លោក Vitoria បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់នៅអតីតក្លិប Vilafranquense ក្នុងឆ្នាំ២០០២មុនពេលប្រកបអាជីពនៅក្លិប Fatima, Pacos Ferreira និង Vitoria Guimaraes ។ គាត់បានចូលរួមជាមួយក្លិបយក្សព័រទុយហ្គាល់ Benfica ក្នុងឆ្នាំ២០១៥ និងបានជួយឲ្យក្រុមនេះឈ្នះពានរង្វាន់លីគត្រឡប់មកវិញក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។
លោក Vitoria ក៏បានឈ្នះពានក្នុងស្រុកចំនួន២ក្នុងអំឡុងពេល៤ឆ្នាំនៅ Benfica ហើយចាប់តាំងពីពេលនោះមកគាត់បានប្រកបអាជីពនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយក្រុម Al Nassr និងនៅប្រទេសរុស្ស៊ីជាមួយក្រុម Spartak Moscow ។
ការប្រកួតប្រជែងដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកនឹងធ្វើឡើងក្នុងខែកញ្ញានៅពេលដែលអេហ្ស៊ីបត្រូវជួបជាមួយម៉ាឡាវី២ដងក្នុងការដណ្តើមកៅអីដើម្បីឈានទៅប្រកួតពានរង្វាន់ Nations Cup ឆ្នាំ២០២៣។ការប្រកួតដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅប្រទេសកូឌីវ័រក្នុងខែមិថុនា និងកក្កដា ឆ្នាំក្រោយ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៤ដើម្បីបញ្ចៀសការឡើងកម្ពស់នៃទឹកភ្លៀងនៅរដូវវស្សា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)